ភ្នំពេញ ៖ ម្ចាស់មេដាយមាស លោកស្រី ស្រួង ភាវី ដែលកីឡាការិនី ដ៏ឆ្នើមផ្នែកកីឡា ប៊ីយ៉ា បានបង្ហាញនូវអារម្មណ៍រំភើបរីករាយ ក្នុងពេលដែលបានមកប្រកួត កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាមួយគ្នានេះផងដែរ លោកស្រី ក៏បានប្រកាសថា រាល់ថវិកា ដែលទទួលបានពីការប្រកួត ប្រមូលដាក់ទៅក្នុងមូលនិធិសប្បុរសធម៌ទាំងអស់។
លោកស្រី ស្រួង ភាវី បានបញ្ជាក់នៅលើ ហ្វេសប៊ុកថា ៖ “រាល់ថវិកាដែលខ្ញុំប្រកួតបានជ័យជម្នះបានទាំងប៉ុន្មានក្នុងការ ប្រកួតឈ្នះ ឬចាញ់ ទោះតិចក្ដីច្រើនក្ដី គឺខ្ញុំប្រមូលដាក់ទៅក្នុងមូលនិធិសប្បុរសធម៌ទាំងអស់។
តាមបណ្ដាញសង្គមហ្វេសប៊ុក កីឡាការីនីប៊ីយ៉ា ស្រួង ភាវី បានលើកឡើងថា៖ ជម្រាបសួរបងប្អូនជនរួមជាតិទាំងអស់គ្នា!!
ថ្ងៃនេះនាងខ្ញុំមានដំណឹងល្អអំពីការងារសប្បុរសធម៌មួយនៅភ្នំពេញ ដោយអង្គការសមាគមសប្បុរសធម៌នាងខ្ញុំរួមសហការជាមួយសមាគម VMove Club និង សមាជិកឧត្តមគតិកូនខ្មែរ ធ្វើនូវកម្មវិធីសប្បុរសធម៌ ជួបជុំញ៉ាំអាហារសាមគ្គីគុណធម៌ដល់ប្អូនៗកុមារពិការកាយសម្បទា ចំនួន១០០នាក់ ដោយក្ដីស្រឡាញ់នៅថ្ងៃទី១៨ ឧសភា ២០២៣។
បងប្អូនទាំងអស់គ្នាអាចចូលរួមជាមួយនាងខ្ញុំបានដោយសេរីសួស្ដី និង ផ្ដល់ក្ដីស្រឡាញ់ចំពោះក្មេងៗពិការដែលមានអាសយដ្ឋាននៅជាន់ទី៣ មុខសាលប្រជុំធំ អាគារផ្សារទំនើប KC (ខេស៊ី) ជិតវត្តតាំងកសាង ចូលតាមច្រកក្លោងទ្វារវត្តតាំងកសាង ផ្លូវព្រលានយន្តហោះភ្នំពេញ ចម្ងាយ២គីឡូម៉ែត្រ ទល់មុខបុរី អរគីដេ វេលាម៉ោង ១១ថ្ងៃត្រង់។
បងប្អូនដែលចូលរួមនឹងបានឃើញសកម្មភាព បញ្ចេញសមត្ថភាពរបស់ប្អូនៗពិការ បង្ហាញដល់យើងទស្សនាទាំងអស់គ្នា៕
ដោយ៖ ចន្ទ លីហ្សា