ព័ត៌មានទាន់ហេតុការណ៍៖

ប្រសាសន៍សំខាន់ៗរបស់​សម្តេចតេជោ ហ៊ុន សែន នាឱកាស​អញ្ជើញប្រគល់សញ្ញាបត្រដល់ និស្សិតពេទ្យបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ UHS

ចែករំលែក៖

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ​ បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់ និស្សិតពេទ្យបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(University of Health Science )ចំនួន ១,៣៩៦នាក ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ។

ខាងក្រោមនេះ​ជាប្រសាសន៍សំខាន់ៗ​របស់សម្តេចតេជោ​ ហ៊ុន​ សែន​៖

សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា រាជរដ្ឋាភិបាលបានវិនិយោគច្រើនទៅលើការបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បាន វិនិយោគអស់ថវិកាជាច្រើនផងដែរ លើហេដ្ឋារចនាពាក់ព័ន្ធនានាបន្ថែមទៀតលើវិស័យនេះ ដើម្បីផ្ដល់សេវាសុខាភិបាលគ្រប់គ្រាន់ដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា សម្តេចមានមោទនភាពជាមួយការឈានឡើងលើវិស័យសុខាភិបាលរបស់កម្ពុជា នៅពេលដែលពីអតីតកាលមានស្ថានភាពលំបាកខ្លាំង។

សម្តេចតេជោ អបអរសាទរដែលកម្ពុជាបានរៀបចំតាំងពីចាប់ផ្ដើម រហូត ដល់បិទបញ្ចប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ប្របកបដោយជោគជ័យ។ ជាមួយគ្នានេះ ការសម្រេចចិត្តរបស់សម្ដេចលើការគ្រប់គ្រង និងរៀបចំព្រឹត្តិការណ៍នេះជាពិសេសការចំណាយចំពោះប្រតិភូកីឡា និងអត្តពលិកដោយមិនគិតថ្លៃ រួមនឹងការអនុញ្ញាតឱ្យការផ្សព្វផ្សាយដោយមិនគិតថ្លៃ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ និងបន្សល់ទុកនូវកេរ្តិ៍ឈ្មោះដ៏យូរអង្វែងជាប្រវត្តិសាស្រ្ដសម្រាប់កម្ពុជា។

សម្តេចតេជោ កោតសរសើរដល់និស្សិតពេទ្យ ដែលបានស្ម័គ្រចិត្តចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាមួយក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្ត សម្តេចតេជោ នាអំឡុងពេលកម្ពុជាកំពុងប្រឈមនឹងជំងឺរាតត្បាតនេះ ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជា។

សម្តេចតេជោ ថ្លែង​ថា បច្ចុប្បន្នប្រទេសកម្ពុជាក្លាយជាកន្លែងសម្រាប់ប្រទេសធំៗ មួយចំនួននៅលើពិភពលោកចុះមកធ្វើការសិក្សាស្រាវជ្រាវលើការអនុវត្តយន្តការសុខាភិបាលដើម្បីលុបបំបាត់ជំងឺមួយចំនួនដោយជោគជ័យ ក្នុងនោះមានដូចជាជំងឺគ្រុនស្វិតដៃជើងជាដើម។ សម្ដេចបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាក៏កំពុងអនុវត្តយន្តការដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់​ពីប្រទេសកម្ពុជាផងដែរ។

សម្តេចតេជោ លើកឡើងពីការខិតខំរបស់ប្រទេសកម្ពុជាដែលដឹកនាំដោយសម្ដេចផ្ទាល់ ក្នុងការគ្រប់គ្រងស្ថានការជំងឺកូវីដ-១៩ ដែលកំពុងមានការរីករាលដាលខ្លាំង។ នាអំឡុងពេលនោះ មានសារព័ត៌មានមួយចំនួនបានវាយប្រហារមកកាន់ប្រទេសតូចដូចជាកម្ពុជា និងឡាវជាដើម ក្នុងការមិនអាចគ្រប់គ្រងជំងឺកូវីដ-១៩បាន ប៉ុន្ដែផ្ទុយទៅវិញកម្ពុជាបានគ្រប់គ្រងកូវីដ-១៩ បានល្អជាងប្រទេសអ្នកមានមួយចំនួនទៅវិញ។ 

លទ្ធផលនេះ សម្ដេចបានណែនាំឱ្យមានការ ចង់ក្រងទុកនូវការអនុវត្តការងារគ្រប់គ្រងកូវីដ-១៩ របស់កម្ពុជា ទាក់ទងនឹងការ ចាត់ចែងគ្រប់គ្រង និងធ្វើសកម្មភាពនៃការគ្រប់គ្រងកូវីដ-១៩។

សម្តេចតេជោ មានការសោកស្ដាយចំពោះប្រទេសមហាអំណាចមួយចំនួន បាននាំគ្នាចំណាយថវិកាជាច្រើនដើម្បីតែផលិតអាវុធ ដើម្បីធ្វើសង្គ្រាម។ សម្ដេចបញ្ជាក់ថា បើសិនជាប្រទេសមហាអំណាចទាំងនោះ បែរមកចំណាយថវិកាមួយភាគលើការផលិតសម្ភារសុខាភិបាលនោះ ពិភពលោកនឹងមានភាពធូស្បើយពីជំងឺរាតត្បាតផ្សេងៗមិនខាន។

សម្តេចតេជោ អបអរសាទរដល់និស្សិតពេទ្យទទួលបានជ័យលាភីនាថ្ងៃនេះ។ ប៉ុន្ដែទោះបីជាទទួលបានលទ្ធផលលើការសិក្សាលើជំនាញ សម្ដេចតេជោ ជំរុញដល់និស្សិតទាំងអស់បន្តខិតខំពង្រឹងសមត្ថភាពលើផ្នែកឌីជីថលើវិស័យរបស់ខ្លួន រួមជាមួយនឹងការអនុវត្តការងារប្រកបដោយក្រមសីលធម៌ខ្ពស់ ដើម្បីពង្រឹងប្រសិទ្ធភាពលើវិស័យសុខាភិបាលរបស់កម្ពុជាបន្ថែមទៀត។

សម្តេចតេជោ  ណែនាំឱ្យលោកបណ្ឌិត រត្ន័ សណ្ដាប់ អ្នកជំនាញអារ្យធម៌ខ្មែរ ធ្វើការសិក្សាស្រាវជ្រាវឱ្យបានច្បាស់ទាក់ទងនឹងពុទ្ធទំនាយនូវការលើកឡើងអំពីពាក្យថា «វាល៣»។ ប៉ុន្ដែពាក្យវាល៣នេះ សម្ដេចតេជោ កត់សម្គាល់ឃើញជារួមមាន៖ វាលទី១ គឺសង្គ្រាម កម្ពុជាបានឆ្លងផុតរួចហើយ វាលទី២ វាលអត់ឃ្លាន ក៏បានឆ្លងផុត និងទី៣ វាលជំងឺ ដែលវាលទី៣នេះ គឺពិបាកនឹងឆ្លងផុតណាស់៕

ដោយ៖សហការី​


ចែករំលែក៖