ខេត្តកំពង់ស្ពឺ ៖ ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជា ការរងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងជាអគ្គនាយកអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ ដោយមានការអញ្ជើញចូលរួមពី នាយទាហានជាច្រើនរូប បាននាំយកអាវភ្លៀងជា អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនដល់កងកម្លាំងកងយោធពលខេមរភូមិន្ទ ក្នុងអង្គភាពបញ្ជាការដ្ឋានកាំភ្លើងធំ បញ្ជា ការដ្ឋានរថក្រោះ បញ្ជាការដ្ឋានវិស្វកម្ម បញ្ជាការដ្ឋានបញ្ជូនសារ បញ្ជាការដ្ឋានការពារអាកាស អគ្គបញ្ជាការ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីរសៀលថ្ងៃ ទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅទីបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ ស្ថិតក្នុងភូមិសាស្ត្រឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានពាំនាំការផ្តាំផ្ញើសួរ សុខទុក្ខ និងការនឹករលឹកពីសម្តេចតេជោនិង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនដល់កងកម្លាំងទាំង អស់ ដែលកំពុងឈរជើងបំពេញភារកិច្ចការពារភាពសុខ សាន្តជូនប្រជាពលរដ្ឋ ការពារអធិបតេយ្យបូរណភាពទឹក ដី នៅផ្ទៃក្នុងប្រទេសនិងតាមខែ្សបន្ទាត់ព្រំដែន ។
ឧត្តម សេនីយ៍ឯក ហ៊ុន ម៉ានិត បានលើកឡើងពីជំហានរីក ចម្រើនយ៉ាងឆាប់រហ័ស របស់បញ្ជាការដ្ឋានកភ្លើងធំក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយ ដែលភាពរីកចម្រើនទាំង នេះ គឺបានដោយសារប្រទេសជាតិមានសុខសន្តិភាព ពលរដ្ឋមានជីវភាពរស់នៅធូរធារ មានការអភិវឌ្ឍ ដែលសន្តិភាពនេះបានមកដោយការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជាអ្នកជួយកម្ពុជាឲ្យឆ្លងផុតពីជ្រោះមរណៈជំងឺកូវីដ-១៩ ពីវិបត្តិសេដ្ឋកិច្ចដែលធ្លាក់ចុះ និងជាអ្នកលើកតម្កើងកម្ពុជាឲ្យមានឥទ្ធិពលនៅក្នុងក្រប ខណ្ឌអាស៊ាន ក៏ដូចជាពិភពលោក ។
ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ានិត បានពន្យល់ពីគុណតម្លៃ ក៏ដូចជាសារសំខាន់នៃសន្តិភាព សម្រាប់ការកសាង និងអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ព្រមទាំងឧបាយកលទុច្ច រិត និងសកម្មភាពក្បត់ជាតិម្តងហើយម្តងទៀតរបស់ជនអគតិ ដែលតែងតែប៉ុនប៉ងធ្វើវិទ្ធង្សនាដល់ការអភិវឌ្ឍ តាមរយ:បំផុសបំផុល មួលបង្កាច់ បង្កចលាចលតាមគ្រប់រូបភាព ដើម្បីបង្កអស្ថិរភាពដល់សង្គមកម្ពុជា ។
ឧត្ដមសេនីយ៍ ហ៊ុន ម៉ានិត បានរម្លឹកដល់កងកម្លាំងប្រដាប់អាវុធ ឲ្យបន្តលើកកម្ពស់មនសិការស្នេហាជាតិ ស្មោះត្រង់ជាមួយរាជរដ្ឋាភិបាល រួមកម្លាំងសាមគ្គីជាតិតែមួយការពារសន្តិភាពទប់ស្កាត់និងបង្រ្កាបទាន់ពេល វេលាចំពោះជនអគតិទាំងឡាយណាដែលមានឧបាយ កលចង់បំផ្លាញសុខសន្តិភាព និងបន្តថែរក្សារាល់សមិទ្ធ ផលនានាដែលប្រសូត្រចេញពីនយោបាយឈ្នះ-ឈ្នះ របស់មគ្គុទ្ទេសក៍ឯកសន្តិភាព សម្តេចតេជោ ហ៊ុន សែន ដើម្បីនាំមកនូវវឌ្ឍនភាព និង វិបុលភាពថែម ទៀតសម្រាប់ប្រជាជន និងសង្គមជាតិ ។
ទន្ទឹមនោះ ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ានិត ក៏បានផ្តាំផ្ញើបន្ថែមដល់កងកម្លាំងទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ចុះជួយដោះស្រាយរាល់ទុក្ខលំបាកទាំងឡាយ របស់ប្រជាពលរដ្ឋ ដែលនៅជិតមូលដ្ឋានបោះទ័ពរបស់ខ្លួន ព្រោះថា រដូវនេះគឺជារដូវភ្លៀងធ្លាក់បណ្តើរៗហើយ ដូច្នេះងាយជួបនូវគ្រោះមហន្តរាយ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ដែលបណ្ដាលឱ្យភូមិស្រុកប្រជាពលរដ្ឋមួយចំនួនរងនូវការរលំបាក់ផ្ទះ ដែលតម្រូវឲ្យកងកម្លាំងរបស់យើងត្រូវអន្តរាគមន៍ឲ្យបានទាន់ពេលវេលាក្នុងការងារជួយ សង្គ្រោះនេះ ។
លោកហ៊ុន ម៉ានិត ក៏បានរំលឹកដល់នាយ ពលទាហាន ទាំងអស់ក្នុងបញ្ជាការដ្ឋានកាំភ្លើងធំត្រូវបន្តយកចិត្ត ទុកដាក់ចូលរួមថែរក្សា « សន្តិភាព មានតម្លៃមិនអាចកាត់ថ្លៃបាន ដូច្នេះកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ត្រូវតែរួមគ្នាការពារសន្តិភាព ដើម្បីទទួលបានការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រេីនខ្លាំងថែមទៀត» ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ជំនួសមុខឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ បានគោរពថ្លែងអំណរគុណ និងសម្តែងនូវស្វាមីភក្តិយ៉ាងស្មោះស្ម័គ្រ គោរពដឹងគុណសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខកងកម្លាំង ដូចជានៅរដូវភ្លៀងផ្តល់អាវភ្លៀង នៅរដូវរងារផ្តល់អាវរងារ ជារៀងរាល់ឆ្នាំ ៕
ដោយ៖ សូរិយា