ព័ត៌មានទាន់ហេតុការណ៍៖

សម្រេចឃុំខ្លួននារីជាប្រធានផ្នែកលក់បុរីដាយមិនហូម ជាបណ្តោះអាសន្នហើយ

ចែករំលែក៖

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញនាល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ បានសម្រេចឃុំខ្លួន ជនត្រូវចោទ ជានារីប្រធានផ្នែកលក់បុរីដាយមិនហូម ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដែល ពាក់ព័ន្ធនិងបទល្មើសរំលោភលើទំនុកចិត្ត បទក្លែងបន្លំ បទប្រើប្រាសឯកសារក្លែង យកប្រាក់ក្រុមហ៊ុនជាច្រើន ។

 ជនត្រូវចោទឈ្មោះ ឌឿន ពេជ្ររ៉ា ភេទស្រី អាយុ៣១ឆ្នាំ មុខរបរ ប្រធានផ្នែកលក់បុរីដាយមិនហូម។

តាមពាក្យបណ្ដឹងរបស់ឈ្មោះ កែវ សុម៉ាលី ភេទស្រី បានបញ្ជាក់ថា កាលពីអំឡុងឆ្នាំ២០២១ ឈ្មោះ ឌឿន ពេជ្ររ៉ា បានចូលមកធ្វើការនៅក្រុមហ៊ុនបុរី ដាយមិនហូមដោយបានទទួលប្រាក់ខែ៤៥០ដុល្លារ និងប្រាក់បន្ថែមផ្សេងទៀត ហើយដោយក្រុមហ៊ុនមានការជឿទុកចិត្តបានប្រគល់ការងារផ្នែកលក់ផ្ទះល្វែង២ទីតាំង ស្ថិតនៅភូមិត្រពាំងទេព ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺចំនួន៦០០ល្វែង មានតម្លៃចាប់ពី ៣៥ ០០០ដុល្លារ  រហូតដល់ ១៣៥ ០០០ ដុល្លារ និងបានប្រគល់សោរផ្ទះទុកឱ្យសម្រាប់ភ្ញៀវចូលមើលផ្ទះ  ហើយបុគ្គលឈ្មោះ ឌឿន ពេជ្ររ៉ា មិនបានធ្វើបញ្ជីស្នាមនៅពេលដែលភ្ញៀវកក់ថ្លៃផ្ទះ ឬបង់រំលស់នោះទេ ហើយបែរជាប្រមូលយកប្រាក់ពីអតិថិជនទុកជាប្រយោជន៍ផ្ទាល់ខ្លួនដោយមិនប្រាប់ឱ្យក្រុមហ៊ុនដឹងឡើយ ។ 

ហើយនៅពេលអតិថិជនសួរនាំរឿងលិខិតផ្ទេរសិទ្ធិ ឬ បង់រំលស់ ឬកក់ប្រាក់  ឈ្មោះនេះតែងតែរកលេសពន្យារពេលមិនឱ្យអតិថិជនធ្វើជាមួយក្រុមហ៊ុនផ្ទាល់ឡើយ ជាហេតុធ្វើឱ្យអតិថិជនមានការសង្ស័យបានរាយការណ៍មកក្រុមហ៊ុនពីរឿង ឌឿន ពេជ្ររ៉ា ទារប្រាក់មិនឈប់ឈរឡើយ ទារទាំងយប់ក៏មានតាមទូរស័ព្ទ នឹងឱ្យបង់ប្រាក់ទៅបុគ្គលនេះផ្ទាល់តែម្ថង ។ 

ជាងនេះទៀតបុគ្គលនេះក៏បានប្រគល់សោរផ្ទះឱ្យអតិថិជនច្រើននាក់ចូលទៅរស់នៅដោយមិនរាយការណ៍ឱ្យក្រុមហ៊ុនដឹងឡើយ ដែលរហូតដល់ពេលនេះមានផ្ទះ៥ល្វែងមានគេចូលទៅរស់នៅដោយគ្មានការអនុញាត្តពីក្រុមហ៊ុនឡើយ ។ 

បច្ចុប្បន្នជនត្រូវចោទត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស ជាបណ្តោអាសន្ន៕ 

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖