ខេត្តរតនគិរី ៖ មានការភ្ញាក់ផ្អើលមួយទាំងព្រឹកនៅក្រុងបានលុងបានកើតឡើងបន្ទាប់ពីបុរសសន្តិសុខធនាគារ ABA ម្នាក់ ទៅដេកយាមវេនយប់ ហើយស្លាប់ក្នុងអង្រឹង នៅមុខធនាគារ។
ហេតុការណ៍នេះ បានកើតឡើងបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ៧ព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ នៅមុខធនាគារ ABA ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
បុរសរងគ្រោះមាន ឈ្មោះ កាល សាវីន អាយុ ៣៣ឆ្នាំជនជាតិដើមភាគតិច ទំពួន និងមានទីលំនៅ ភូមិឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី ។
បើយោងតាមការឲ្យដឹងពីសន្តិសុខធនាគារ ABA ដូចគ្នាថា នៅព្រឹកពេលដែលពួកគេទៅយាមវេនព្រឹក ស្រាប់តែឃើញជនរងគ្រោះនៅដេកក្នុងអង្រឹង មិនទាន់ក្រោក ក៏ទៅដាស់ឲ្យក្រោក តែពេលទៅអង្រួនស្រាប់តែបុរសនោះ ឡើងរឹងទៅហើយ មិនដឹងថាគាត់ស្លាប់តាំងពីពេលណា មកនោះទេ។
បើយោងតាមការឲ្យដឹងពីសមត្ថកិច្ចជំនាញ បច្ចេកទេស វិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីបានឲ្យដឹងថា ជនរងគ្រោះ ស្លាប់ដោយសារខ្យល់គរ មិនមែនជាករណីឃាតកម្មទេ។
បន្ទាប់ពីកម្លាំងមានសមត្ថកិច្ចចុះពិនិត្យ និងធ្វើកោសល្យវិច័យរួចសពត្រូវបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមព្រពៃណី៕
ដោយ៖ សូរិយា