ខេត្តព្រះសីហនុ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា សន្តិភាព មិនមែនជាសត្រូវអ្នកណាទាំងអស់ ប៉ុន្តែសន្តិភាព គឺជារបស់យើងទាំងអស់គ្នា ហើយមានតែគណបក្សប្រជាជនកម្ពុជាមួយគត់ដែលអាចការពារសន្តិភាពបានគង់វង្ស។ សម្តេចបានមានប្រសាសន៍នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ នាព្រឹកថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣ ។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមការពារសន្តិភាពឱ្យបានគង់វង្ស។
សម្តេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា នៅពេលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា អ្វីដែលប្រាកដមួយនោះ គឺប្រជាពលរដ្ឋទាំងអស់ មិនបាច់រត់លូនក្រាបដោយសង្រ្គាមនោះទេ ពោលគឺយើងមានសន្តិភាពនៅក្នុងដៃយើង។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ទៀតថា ៖ មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលមានសមត្ថភាពការពារសន្តិភាពបាន ក៏ដូចជាការពារឆ្នាំងបាយកម្មករ កម្មការិនីបាន។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា គ្មានប្រទេសណាមួយអាចអភិវឌ្ឍន៍ទៅបាន ដោយស្ថិតក្រោមស្ថានភាពសង្រ្គាមនោះទេ។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវវដល់បងប្អូនកម្មករ-កម្មការិនីបន្តចូលរួមការពារ សុខសន្តិភាពឲ្យខាងតែបាន ខណៈសន្តិភាពនេះ គឺមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលអាចថែរក្សាបាន ហើយមានតែគណបក្សប្រជាជនទេ ដែលការពារនូវឆ្នាំងបាយរបស់បងប្អូននោះ៕
ដោយ ៖ សហការី