លោក Julian Nagelsmann ត្រូវបានគេរាយការណ៍ថា ត្រឡប់មកកាន់តំណែងជាអ្នកចាត់ការក្លិបមាន់ខ្នាយមាស Tottenham ប៉ុន្តែគាត់កំពុងទាមទារឱ្យមានការធានាលើប្រធានកីឡាថ្មីរបស់ក្លិប។
បុរសសញ្ជាតិអាឡឺម៉ង់វ័យ៣៥ឆ្នាំគឺជាគូប្រជែងឈានមុខគេដើម្បីក្លាយជាអ្នកស្នងតំណែងជាអចិន្ត្រៃយ៍របស់លោក Antonio Conte ដែលបានចាកចេញពីក្លិបកាលពីខែមីនា ប៉ុន្តែក្លិប Spurs ហាក់ដូចជាបានសម្រេចចិត្តប្រឆាំងនឹងការផ្លាស់ប្តូរសម្រាប់លោក Nagelsmannហើយបានទទូចថា ពួកគេមិនបានជួបជាមួយអតីតគ្រូបង្វឹកក្រុម Bayern Munich នោះទេ។
ទោះជាយ៉ាងណាក៏ដោយឥឡូវនេះកាសែត The Times បានផ្សាយថា ការពិភាក្សាបានបន្ត ប៉ុន្តែលោក Nagelsmann ចង់ដឹងថា អ្នកណានឹងជំនួសលោក Fabio Paratici មុនពេលផ្ទេរខ្លួនគាត់ទៅក្លិបPremier League។
បុរសសញ្ជាតិអុីតាលីរូបនេះត្រូវបានរងការហាមឃាត់ទូទាំងពិភពលោកដោយ FIFA ដែលនាំទៅដល់ការលាលែងពីតំណែងជានាយកគ្រប់គ្រងបាល់ទាត់នៅ Spurs។ ការផ្សាយថ្មីៗនេះបញ្ជាក់ថា លោក Nagelsmannត្រូវបានយល់ថា បានផ្តល់អនុសាសន៍បេក្ខជនសម្រាប់ការងារទៅប្រធានក្លិប Tottenham លោក Daniel Levy។
ភ្នាក់ងាររបស់គាត់បានអះអាងពីមុនថា អតិថិជនរបស់គាត់ដែលត្រូវបានបណ្តេញចេញដោយក្លិប Bayern Munich កាលពីខែមីនា បានបដិសេធការពិភាក្សាជាមួយ Chelsea ដើម្បីជំនួសលោក Graham Potter ខណៈដែលក្រុមតោខៀវកំពុងស្ថិតក្នុងបញ្ហាប្រឈម នោះគឺមានការព្រួយបារម្ភអំពី គោលការផ្ទេរកីឡាកររបស់ពួកគេ និងបញ្ហាផ្សេងទៀត។
នាយកកីឡា Eintracht Frankfurt លោក Markus Krosche ដែលធ្វើការជាមួយលោក Nagelsmann នៅក្លិប Leipzig គឺជាគូប្រជែងម្នាក់ដើម្បីជំនួសលោក Paratici។ នាយកបច្ចេកទេសរបស់ក្លិប Brentfordលោក Lee Dykes និងអ្នកគ្រប់គ្រងទូទៅរបស់ Roma លោក Tiago Pinto ក៏ត្រូវបានគេជឿថា កំពុងដំណើរការសម្រាប់ការងារនេះ។
ក្លិប Spurs បានគ្មានគ្រូបង្វឹកអចិន្ត្រៃយ៍ចាប់តាំងពីលោក Conte បានចាកចេញកាលពីថ្ងៃទី២៧ ខែមីនាកន្លងទៅ។ ជំនួយការរបស់លោកគឺ Cristian Stellini ត្រូវបានប្រគល់តួនាទីបណ្តោះអាសន្នរហូតដល់គាត់ផ្ទាល់ត្រូវបានបណ្តេញចេញបន្ទាប់ពីការបរាជ័យ ៦–១ ក្រោមថ្វីជើងក្រុម Newcastle កាលពីខែមុន ហើយជំនួសដោយលោក Ryan Mason រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ៕
ដោយ៖ ភារៈ(រូបភាព ៖ The Sun)