ភ្នំពេញ ៖ សត្វក្របីព្រៃជាប្រភេទសត្វកម្រជិតផុតពូជនៅលើពិភពលោកនិងមានវត្តមានរស់នៅប្រទេសកម្ពុជា នៅប្រទេសឥណ្ឌា និងនេប៉ាល់។ តាមព័ត៌មានដែលមាន គេឃើញវត្តមានសត្វក្របីព្រៃនៅក្នុងព្រៃធម្មជាតិកម្ពុជាចុងក្រោយនៅអំឡុងឆ្នាំ ២០០៥ តាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិនៅដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី។ ប៉ុន្តែក្រោយមក អ្នកសិក្សាស្រាវជ្រាវមិនបានឃើញវាទៀតទេ។ សត្វព្រៃដែលធ្លាប់មាននៅកម្ពុជាហើយដែលបច្ចុប្បន្ននេះ មិនបានជួបប្រទះទៀតនោះរួមមាន៖ សត្វរមាស, គោព្រៃ, ខ្លាធំ និងក្របីព្រៃ។ ខាងក្រោមនេះគឺជាព័ត៌មានមួយចំនួនទាក់ទងនឹងសត្វក្របីព្រៃ៖
១-ភិនភាគ៖ ក្របីព្រៃមានរូបរាងដូចក្របីស្រុកដែរ ប៉ុន្ដែក្របីព្រៃមានភាពរហ័សរហួនជាង និងឆាប់ក្រេវក្រោធ។ ក្របីព្រៃអាចមានទម្ងន់មពី៧០០ ទៅ ១២០០គ.ក។ វាមានពណ៌ប្រផេះ រឺត្នោតខ្មៅ។ នៅខាងក្រោមក មានពណ៌សរាងជាអក្សរ (V) ។ ស្នែងទាំងពីរមានរាងសំប៉ែតគន្លាក់ៗបត់ទៅក្រោយ។ ក្របីព្រៃមាន គម្លាតស្នែងធំជាងក្របីស្រុក។ ក្របីព្រៃឈ្មោលមានកម្ពស់រហូតដល់ ២ម៉ែត្រ។
២-ជីវសាស្ត្រ៖ក្របីព្រៃចូលចិត្តរស់នៅតំបន់ព្រៃល្បោះ វាលស្មៅក្បែរទឹក វាពុំចូលចិត្តព្រៃស្រោងទេ។ ក្របីព្រៃរស់នៅជាហ្វូង ហើយចេញទៅរកស៊ីនៅព្រឹកព្រលឹម និងពេលល្ងាច។ វាទំពារអៀង នៅពេលដេក ឬពេលដេកត្រាំទឹក។ ក្របីព្រៃញីដោយឈ្មោលនៅកំឡុងខែតុលា រហូតដល់វិច្ឆិកា និងបង្កើតបានកូន ១ បន្ទាប់ពីបានពពោះរយៈពេល ១០ខែ។
៣-របាយរស់នៅ៖ ក្របីព្រៃជាប្រភេទសត្វកម្រ មានចំនួនតិចតួចដែលនៅសេសសល់ក្នុងប្រទេសកម្ពុជា។ ក្របីព្រៃមានវត្តមាននៅតែប៉ុន្មានខេត្តប៉ុណ្ណោះ ដូចជាខេត្តមណ្ឌលគិរី ព្រះវិហារ និងរតនគិរី ។ វាមានវត្តមានរស់នៅផងដែរនៅប្រទេសឥណ្ឌា និងនេប៉ាល់។
៤-ស្ថានភាពអភិរក្ស៖ ក្របីព្រៃស្ថិតក្នុងក្រុមប្រភេទជិតផុតពូជ និងជាប្រភេទកំពុងរងគ្រោះថ្នាក់ ជិតផុតពូជជាសកលដែលបានចុះក្នុងបញ្ជីក្រហម IUCN (EN)។ នៅប្រទេសកម្ពុជា ប្រភេទនេះ មានវត្តមានតិចតួចបំផុត ប្រភេទនេះប្រឈមមុខនឹងការរងគ្រោះថ្នាក់ដោយសារការបាត់បង់ ទីជម្រក ការរាំងស្ងួតនៃទីជម្រក និងការបរបាញ់ ៕
ដោយ ៖ សហការី