ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់បានយកកាំបិតកាប់ទៅលើយុវជនម្នាក់ បណ្ដាលអោយរងរបួសយ៉ាងដំណំ ដោយសារតែជនសង្ស័យខាងលើនេះខឹងនឹងជនរងគ្រោះនិយាយឌឺដងក្នុងវង់ផឹកសុី ។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង២១និង៣០នាទី នៅចំណុចភូមិ អំពិលដាំទឹក ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្ត កណ្តាល។
មន្ត្រីនគរបាលស្រុកពញាឮបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ប៊ុន យ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅផ្ទះជួលក្នុងភូមិត្រពាំងសំរោង ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្ត កំពង់ឆ្នាំង។ ជនសង្ស័យឈ្មោះ ប្រាក់ មុន្នី ហៅ ទិច ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអំពិលដាំទឹក ឃុំវិហារហ្លួង ស្រុក ពញាឮ ខេត្តកណ្តាល។
ប្រភពដដែលបន្តថា នៅថ្ងៃ ខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ឈ្មោះ វិច្ឆិកា ភេទ ប្រុស អាយុប្រហែល២៥ឆ្នាំ ត្រូវជាមិត្តភក្តិរបស់ជនរងគ្រោះ បានឆាតហៅជនរងគ្រោះឈ្មោះ ប៊ុន យ៉ា ឱ្យមកផ្ទះរបស់ខ្លួនដើម្បីចូលរួមផឹកស៊ីជាមួយគ្នា។ បន្ទាប់មកជនរងគ្រោះបានជិះម៉ូតូម៉ាក ហុងដាឌ្រីម C125 ពណ៌ក្រហម ផលិតឆ្នាំ២០២២ ពាក់ផ្លាកលេខ ពោធិ៍សាត់ 1E -4238 ជិះមកផ្ទះឈ្មោះ វិច្ឆិកា។ ពេលមកដល់ផ្ទះឈ្មោះ វិច្ឆិកា ក្នុងពេលនោះ ជនរងគ្រោះ បានឃើញមិត្តភក្តិរបស់ឈ្មោះ វិច្ឆិកា មានគ្នា០៤ទៅ០៥នាក់ កំពុងនាំគ្នាអង្គុយផឹកស៊ី ភ្លាមនោះជនរងគ្រោះបានចូលទៅផឹកស៊ីជាមួយ គេ ដោយជនរងគ្រោះចូលទៅផឹកស៊ីបានមួយសន្ទុះ ស្រាប់តែឃើញជនសង្ស័យឈ្មោះ ប្រាក់ មុន្នី ហៅ ទិច ដើរចូលទៅកន្លែងជនរងគ្រោះកំពុងផឹកដែរ ខណៈនោះអ្នកអង្គុយផឹកបានហុចស្រាបៀរឱ្យជនសង្ស័យឈ្មោះ ប្រាក់ មុន្នី ហៅ ទិច ចំនួន០១កំប៉ុងផឹក។ បន្ទាប់មកជនសង្ស័យឈ្មោះ ប្រាក់ មុន្នី ហៅ ទិច បានដើរចេញទៅបាត់ទៅ។ ក្រោយមកជនរងគ្រោះ និង ឈ្មោះ វិច្ឆិកាព្រមទាំងមិត្តភក្តិបានឈប់ផឹកស៊ី ហើយក៏នាំគ្នាជិះម៉ូតូចំនួន០៣គ្រឿង ក្នុងគោលបំណងឌុបគ្នាចេញទៅមើលល្ខោន ដោយជិះម៉ូតូចេញពីកន្លែងផឹកបានប្រហែលជា១០ ម៉ែត្រ ស្រាប់តែត្រូវជនសង្ស័យឈ្មោះ ប្រាក់ មុន្នី ហៅ ទិច កាន់កាំបិតផ្គាក់កាប់ទៅជនរងគ្រោះត្រូវចំមុខនិងក្តោងច្រមុះចំនួន០១កាំបិត បណ្តាលឱ្យរងរបួសហូរឈាម។ ក្រោយពេលធ្វើសកម្មភាពរួច ជនសង្ស័យបានគេចខ្លួនដោយកាន់កាំបិតផ្គាក់យកទៅបោះចោលក្នុងទឹកស្រះនៅបរិវេណវត្តត្បែង ភូមិធ្យូង ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល រួចហើយរត់គេចខ្លួនបាត់ ។ ចំណែកជនរងគ្រោះ ត្រូវបានមិត្តភក្តិនាំមកព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកស្រុកពញាឮ ។ លុះព្រឹកឡើងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង៩និង២០នាទីជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល វិហារហ្លួង ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងប៉ុស្តិ៍បានចុះទៅកន្លែងកើតហេតុដើម្បីធ្វើការស្រាវជ្រាវ ប៉ុន្តែជនសង្ស័យបានរត់គេចខ្លួនបាត់ពុំឃើញនៅផ្ទះឡើយ ។ រហូតដល់វេលាម៉ោង ១៣និង៥០នាទី នាថ្ងៃ ខែ ឆ្នាំ ដដែលកម្លាំងប៉ុស្តិ៍បាននាំខ្លួនជនសង្ស័យឈ្មោះ ប្រាក់ មុន្នី ហៅទិច បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា៖ មូលហេតុដែលខ្លួនយកកាំបិតផ្គាក់កាប់ទៅជនរងគ្រោះឈ្មោះ ប៊ុន យ៉ា គឺដោយសារពេលផឹកស៊ី ជនរងគ្រោះឈ្មោះ ប៊ុន យ៉ា និយាយឌឺដងដាក់ខ្លួន។
បច្ចុប្បន្ន ជនសង្ស័យ សមត្ថកិច្ចកំពុងឃាត់ខ្លួននៅអធិការដ្ឋានគរបាលស្រុក ពញាឮ ដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ ស្អាងជ័យ