ខេត្តកំពង់ឆ្នាំង៖ អាចចាត់ទុកថានេះជារដូវផ្សិតប៉ក់ដែលរួមចំណែកដោះស្រាយជីវភាពប្រជាពលរដ្ឋបានមួយកំរិតនៅគ្រាដែលឆ្នាំនេះតម្លៃផ្សិតប៉ក់ថ្លៃគួរសម។ អ្នក ភូមិកំពុងមកមានញឹកចូលព្រៃដើម្បីដកផ្សិតលក់គ្រាន់និងដោះស្រាយជីវភាព។ ពួកគាត់អាចរកចំណូលបានប្រហែល១០ម៉ឺនរៀលក្នុង១ថ្ងៃពីការចូលព្រៃដកផ្សិតប៉ក់យកទៅលក់។
ប្រជាពលរដ្ឋរស់ក្នុងឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងខ្លះទៀតមកពីភូមិបំណក់ស្រុកក្រគ ខេត្តពោធិ៍សាត់ កំពុងសម្រុកចូលព្រៃបេះផ្សិតប៉ក់ ឬផ្សិតផូងផាង លក់ព្រោះកំពុងតែបានថ្លៃ។ ពួកគាត់កំពុងសប្បាយរីករាយនៅក្នុងការចូលព្រៃដើម្បីដកផ្សិតយកទៅលក់ពីព្រោះបានចំណូលច្រើនគួរសម។
ប្រជាពលរដ្ឋដែលបានត្រឡប់ពីបេះផ្សិតប៉ក់លក់ឲ្យឈ្មួញវិញបានឲ្យដឹងថា ពួកគាត់ខ្លះមកពីភូមិបំណក់ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំណែកខ្លះទៀតរស់នៅក្នុងឃុំក្តុលសែនជ័យតែម្ដង គឺងើបតាំងពីម៉ោង ៤-៥ ទាបភ្លឺនាំគ្នាឡើងទៅភ្នំស្រែអំពិល ដើម្បីរុករកបេះផ្សិតប៉ក់ យកមកលក់ព្រោះកំពុងតែមានហាងឆេង។ បើប្រៀបធៀបទៅនឹងឆ្នាំមុនៗតម្លៃផ្សិតប៉ក់នៅឆ្នាំនេះឃើញថាថ្លៃគួរសម។
ប្រជាពលរដ្ឋដែលចូលទៅរកផ្សិតបានបញ្ជាក់ថា ក្នុងម្នាក់ៗរកបានត្រឹមតែ១គីឡូទៅ២គីឡូក្រាមតែប៉ុណ្ណោះខណៈដែលផ្សិតប៉ក់មានតម្លៃពី ៤-៥ម៉ឺន និងពេលខ្លះឡើងដល់ ៦ម៉ឺនរៀលក្នុង ១គីឡូក្រាម ដូច្នេះក្នុងម្នាក់ៗ អាចរកបានពី៤-៥ម៉ឺន និងខ្លះបានរហូតដល់ ១០ម៉ឺនរៀលក្នុងមួយថ្ងៃ។
អ៊ំប្រុសម្នាក់នៅក្នុងភូមិក្តុល ឃុំក្តុលសែនជ័យ បានបញ្ជាក់ឲ្យដឹងថាគាត់មិនដឹងថាឈ្មួញទិញផ្សិតប៉ក់ បានប្រាប់ឲ្យដឹងថាពួកគាត់ទិញយកទៅលក់នៅឯប្រទេសថៃ។ សម្រាប់អ្នកភូមិវិញផ្សិតប៉ក់ត្រូវបានគេយកទៅលីងជាមួយនឹងស្ករប៊ីចេងហូបធម្មតា។ តែតាមគាត់ដឹងគេអាចយកទៅស្លឆានិងស្ងោរជើងជ្រូកក៏បានដែរវាមានរស់ជាតិឆ្ងាញ់។ ចំពោះផ្សិតប៉ក់ភាគច្រើន គឺដុះនៅដីព្រៃមានភ្លើងឆេះសល់កម្ទេចផេះកើតជាផ្សិតប៉ក់។
ផ្សិតនេះមិនងាយរកប៉ុន្មានទេ ខ្លះក៏ដុះឡើងមកលើតែខ្លះទៀតដុះក្នុងដី អ្នករកបើឃើញមានទូងប្រេះដីពី ក្រោមកាយទៅគេឃើញផ្សិតប៉ក់ នោះហើយ៕
ដោយ៖ សូរិយា