ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកែច្នៃ និងដឹកសំពីងសំពោងជាច្រើនគ្រឿងត្រូវសមត្ថកិច្ចនគរបាលចរាចរណ៍ ឃាត់យកមកណែនាំអប់រំ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ លោកវរសេនីយ៍ឯក ចាន់ សុធី នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងថា ការល្បាតចល័តនាំយកនូវរថយន្ត រួមទាំងម្ចាស់អ្នកបើកបរមកកាន់ការិយាល័យចរាចរណ៍នេះ ធ្វើឡើងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ដើម្បីលើកកម្ពស់សោភ័ណភាព និងពង្រឹងច្បាប់បន្ថែមទៀត ពិសេសប្រយោជន៍ចំបងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ដែលតែងតែកើតមានឡើងជាបន្តបន្ទាប់នៅលើដងផ្លូវ ដោយសារតែការមិនចូលរួមគោរពច្បាប់ចរាចរណ៍របស់ម្ចាស់យានយន្តមួយចំនួនតូច។

លោកវរសេនីយ៍ឯក ចាន់ សុធី បានបន្តថា÷រថយន្តដែលកម្លាំងជំនាញចុះឃាត់បាននាពេលនេះជាប្រភេទរថយន្តដឹកទំនិញទាំងអស់ ក្នុងនោះរួមមានរថយន្តម៉ាកសាំយ៉ុង និងរថយន្តម៉ាកនីសាន់ សរុបចំនួន០៧គ្រឿង ដែលរថយន្តទាំងនេះម្ចាស់មិនបានចូលរួមគោរពច្បាប់ចរាចរណ៍ឡើយ មិនតែប៉ុណ្ណោះបានប្រព្រឹត្តល្មើសច្បាប់តទ្រុងដែកឡើងទៅលើ និងលយទៅផ្នែកខាងក្រោយខុសលក្ខណ:បច្ចេកទេស និងល្មើសដឹកទំនិញសំពីងសំពោងគ្មានរបៀបរៀបរយហើយធ្វើចរាចរណ៍នៅលើដងផ្លូវផងដែរ។

លោកថា វិធានការចំពោះមុខតម្រូវឲ្យម្ចាស់យានយន្តទម្លាក់អីវ៉ាន់ចុះរួចកែសម្រួលទ្រុងឲ្យដូចទម្រង់ដើមឡើងវិញ ព្រមជាមួយការធ្វើកិច្ចសន្យាបញ្ឃប់សកម្មភាពខុសច្បាប់បន្តទៀតរួចឲ្យវិលត្រឡប់ទៅកាន់លំនៅឋានរៀងៗខ្លួនវិញ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖