ខេត្តប៉ៃលិន ៖ បើតាមប្រភពពីមន្ត្រីនគរបាលជំនាញនៃក្រុងប៉ៃលិនបានឲ្យដឹងថា÷នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង៧និង៣០នាទីព្រឹក មានករណីក្មេងលង់ទឹកក្នុងស្រះស្លាប់ហើម ស្ថិតនៅចំណុចស្រះទឹកក្បែរភូមិទួលខៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
តាមប្រភពសមត្ថកិច្ចជំនាញបានបន្តថា÷ក្មេងរងគ្រោះមានឈ្មោះ គី រចនា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ ជាមនុស្សមានសតិមិនគ្រប់ ទីលំនៅបច្ចុប្បន្ននៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ឪពុកឈ្មោះ គី វាសនា ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរលក់ដូរ និងម្តាយឈ្មោះ ផន សុខគីម ភេទស្រី អាយុ៣៤ឆ្នាំ មុខមេផ្ទះ រស់នៅភូមិ/សង្កាត់ ខាងលើ។
បើតាមការបំភ្លឺរបស់ម្តាយក្មេងរងគ្រោះបានប្រាប់សមត្ថកិច្ចជំនាញថា÷កូនរបស់គាត់គឺមានសតិមិនគ្រប់ទេ បានធ្វេីដំណេីរចេញពីផ្ទះកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៤និង០០នាទីរសៀល កន្លងមកជនរងគ្រោះបានចេញត្រឹមតែ២ទៅ៣ម៉ោងនោះទេគឺត្រឡប់មកផ្ទះវិញ តែលេីកនេះចេញទៅបាត់រហូតដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង០៧និង៣០នាទីព្រឹក ទេីបរកឃេីញជនរងគ្រោះស្លាប់ដោយលង់ទឹកស្រះហើមក៏រាយការណ៍ជូនសមត្ថកិច្ចតែម្តង។
សមត្ថកិច្ចជំនាញកំពុងពិនិត្យនិងសន្និដ្ឋាន៖សពត្រូវបានក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន កម្លាំងជំនាញកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កម្លាំងផែននគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ៃលិន ធ្វើកោសល្យវិច័យពិនិត្យឃើញថាសពពិតជាស្លាប់ដោយសារលង់ទឹកស្រះ ពិតប្រាកដមែន។
បច្ចុប្បន្ន សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ស សារ៉េត