ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជាជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង២០៖៤០នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដែលមានលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ ជានាយការិយាល័យ និងដោយមានការចូលរួមសហការពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង ចុះល្បាតតាមផ្លូវ លេខ២៨៨ កែងផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក៏ប្រទះឃេីញជនសង្ស័យជិះម៉ូតូចំនួន២គ្រឿង មានគ្នាចំនួន២នាក់ បានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសរងគ្រោះចំនួន៤នាក់ (ជាជនជាតិថៃ) ដែលកំពុងដេីរ បានសម្រេច។
ភ្លាមនោះកម្លាំងជំនាញការិយាល័យ ធ្វេីការប្រដេញ និងបានសហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ឃាត់ខ្លួនជនសង្ស័យបានទាំង២នាក់ នៅចំណុចផ្លូវលំ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ក្នុងនោះដកហូតបាន៖ ម៉ូតូហុងដាស្តុបពី ពណ៌ស (របស់ជនសង្ស័យ), ម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ស (របស់ជនសង្ស័យ) និងទូរស័ព្ទដៃម៉ាក សាំសុង Note20 ultra ពណ៌មាស (ជារបស់ជនរងគ្រោះ) ទូរស័ព្ទខាងលេីកម្លាំងជំនាញការិយាល័យបានប្រគល់អោយទៅបុរសរងគ្រោះជាជនជាតិថៃវិញ។
ក្រោយឃាត់ខ្លួនកម្លាំងជំនាញបាននាំជនសង្ស័យខាងលេី មកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដេីម្បីធ្វេីការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕
ដោយ៖ ជីណា