ភ្នំពេញ ៖ អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តរតនគិរី មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ អយ្យការអមសាលាដំបូងខេត្តរតនគិរី បាន ទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ ២៣៣ អ.យ.ក ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងការលបលួច ធ្វើសកម្មភាពខុសច្បាប់ របស់បុគ្គលមួយក្រុម នៃសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា នៅម៉ូតលោហ្គោឡាក់ស៊ី ២ ស្ថិតនៅភូមិថ្មី សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី កាលពីថ្ងៃទី១៣-១៤ ខែឧសភា ឆ្នាំ២០២៣ ដែលមាន ១.ឈ្មោះ ថេង សាវឿន ជាប្រធានសមាគម ២.ឈ្មោះ ញ៉ុល ភាព ជាប្រធានរដ្ឋបាល ហេរញ្ញិក ៣.ឈ្មោះ ចាន់ វិបុល ជាអ្នកវិភាគឯករាជ្យ ៤.ឈ្មោះ ថាន់ ហាច ជាបុគ្គលិកសមាគម និងបុគ្គលផ្សេងទៀត។ នៅក្នុងអំឡុងពេលនៃការលប លួចជួបជុំរបស់សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជានេះ មានការប្រមូលទូរស័ព្ទដៃរបស់អ្នកចូលរួមទាំងអស់ទុក ក្នុងកេសទឹកសុទ្ធ ព្រមទាំងបង្វិលកាមរ៉ាសុវត្ថិភាពចុះក្រោម មិនឱ្យឃើញសកម្មភាពខុសច្បាប់ក្នុងបន្ទប់ប្រជុំ ។
ឆ្លងកាត់តាមការស៊ើបអង្កេត ពិនិត្យភស្ដុតាង ព្រមទាំងផ្ទៀងផ្ទាត់ចម្លើយរបស់ជនសង្ស័យរួចមក តំណាងអយ្យការអមសាលាដំបូងខេត្តរតនគិរី បានរកឃើញនូវតម្រុយដែលអាចសន្មត់ថា ការលួចជួបជុំនេះមាន ខ្លឹមសារក្នុងគោលដៅនយោបាយ ដើម្បីធ្វើសកម្មភាពញុះញង់ដល់កសិករឱ្យងើបបះបោរ បង្កឱ្យមានចលាចលសង្គម និងឈានទៅផ្ដួលរំលំរាជរដ្ឋាភិបាលតាមគ្រប់រូបភាព ។
ដោយយល់ឃើញថាមានមូលដ្ឋានគ្រប់គ្រាន់ តំណាងអយ្យការអមសាលាដំបូងខេត្តរតនគិរី បាន សម្រេចបើកការស៊ើបសួរលើអង្គហេតុ និងបុគ្គល៖ ១.ឈ្មោះ ថេង សាវឿន ភេទប្រុស សញ្ជាតិខ្មែរ ២.ឈ្មោះ ញុល ភាព ភេទប្រុស សញ្ជាតិខ្មែរ ៣.ឈ្មោះ ថាន់ ហាច ភេទប្រុស សញ្ជាតិខ្មែរ ៤.ឈ្មោះ ចាន់ វិបុល ភេទប្រុស សញ្ជាតិ ខ្មែរ និងបក្ខពួក ពីបទ រួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាម បញ្ញត្តិមាត្រា ៤៥៣ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ១២៧ អ.យ.ក ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ របស់អយ្យការអមសាលាដំបូងខេត្តរតនគិរី ។
បន្ទាប់ពីអយ្យការអមសាលាដំបួងខេត្តរតនគិរីបើកការស៊ើបសួរលើសំណុំរឿងខាងលើនេះ ចៅក្រម ស៊ើបសួរដែលទទួលបន្ទុកសំណុំរឿង បានសម្រេចឃុំខ្លួនជនត្រូវចោទទាំងបីនាក់ជាបណ្តោះអាសន្ន កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ហើយតុលាការនឹងបន្តធ្វើចំណាត់ការតាមនីតិវិធីច្បាប់ជាធរមាន ដើម្បីស្រាវជ្រាវឱ្យកាន់ត ស៊ីជម្រៅបន្ថែមទៀត ដោយធានាថា សិទ្ធិទាំងឡាយរបស់ជនត្រូវចោទ ត្រូវបានគោរពនិងអនុលោមតាមនីតិវិធីច្បាប់។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕
ដោយ ៖ សហការី