ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្តែងការហួសចិត្តចំពោះលេខាធិការដ្ឋានគណៈសង្ឃនាយកដែលបានរិះគន់ដល់សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ឧត្តមប្រឹក្សាគណៈមហានិកាយនៃកម្ពុជា។
ក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា៖ «យប់មិញហ្នឹង គឺហួសចិត្តមួយត្រង់ថា ស្រាប់តែឃើញដូចជា អគ្គលេខាធិការគណៈសង្ឃនាយក ចេញសេចក្ដីប្រកាសមួយទៅ តិះតៀន សម្ដេច សៅរ៍ ចន្ទថុល្ល ឱព្រះអើយព្រះ ព្រះអង្គអើយព្រះអង្គ សុទ្ធតែសម្ដេចហើយសម្ដេចព្រះអង្គអាចហៅគ្នាមកនិយាយបានទេ?»។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ជម្លោះរវាងសម្តេចសង្ឃទាំងទ្វេ គឺសម្តេចតេជោមិនចង់ចូលខ្លួនសម្របសម្រួលនោះទេ គឺសម្តេចអង្វរដល់សម្តេចសង្ឃអធ្យាស្រ័យ និងស្រុះស្រួលគ្នាដោយសន្តិវិធី ហើយសម្តេចតេជោ បានណែនាំកុំឱ្យមានការរិះគន់គ្នាតាមបណ្តោញសង្គមហ្វេសប៊ុក។
សម្តេចតេជោថ្លែងថា៖ «ទើបនិយាយពីសុខដុមនីយកម្មសាសនា នេះជាជម្លោះធម្មយុត្ត និងមហានិកាយ ប៉ុន្តែមហានិកាយទាស់គ្នា រួចហើយបញ្ចេញតាមហ្វេសប៊ុក»។
ករណីដោយឡែកមួយទៀត នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យជាងចម្លាក់ឆ្លាក់រូបពុទ្ធបដិមាឱ្យត្រូវខ្នាតទម្រង់ដើម ពោលមិនត្រូវធ្វើឱ្យខុសទ្រង់ទ្រាយដើមនោះទេ។
សម្តេចតេជោបានពោលដូច្នេះថា៖ «ខ្ញុំសូមក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលស្ថិតក្នុងអង្វរកធ្វើយ៉ាងម៉េច ការចាក់រូបពុទ្ធបដិមាត្រូវឱ្យត្រូវខ្នាត ខ្ញុំស្តាយខំធ្វើព្រះវិហារអស់លុយមិនចេះតិច ស្រាប់តែចាក់ព្រះមុខក្រញៅ ទៅថ្វាយបង្គំម្តងមើលតែមុខព្រះមុខក្រញៅដាក់ហ្មង»។
សម្តេចតេជោ បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងចេញថ្លៃសម្រាប់និស្សិតដែលសិក្សាជំនាញមរតកដូនតាដែលបន្សល់ទុកពីដូនតាជំនាន់មុន។ ជាមួយគ្នានេះសម្តេចបានណែនាំឱ្យក្រសួងវប្បធម៌ ក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធដទៃទៀតធ្វើការបណ្តុះបណ្តាលជំនាញមរតកដូនតាដល់យុវជនចំនួន ១លាន ៥សែននាក់៕
ដោយ ៖ សហការី