ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន ៖ យើង មិនអត់ឱនឱ្យអ្នកដែលចង់ដណ្តើមអំណាចតាមបែបមិនប្រជាធិបតេយ្យនោះឡើយ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានអ្នកខ្លះ អំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធបែរកាណុងផ្តួលរំលំរាជរដ្ឋាភិបាល ដូចនេះយើង មិនអត់ឱនឱ្យអ្នកដែលចង់ដណ្តើមអំណាចតាមបែបមិនប្រជាធិបតេយ្យនោះឡើយ។ សម្តេចមានប្រសាសន៍បែបនេះ នៅក្នុងសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (ROYAL GROUP PIINOM PENH SEZ) សរុបចំនួន១៩.០០០នាក់ នាព្រឹកថ្ងៃសៅរ៍ទី២៧ ខែឧសភា ឆ្នាំ២០២៣ ។ 

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អ្នកដែលមិនបានស្វែងរកសន្តិភាព គឺជាអ្នកដែលតែងតែបង្កអស្ថិរភាពនយោបាយ ដើម្បីតែអំណាចរបស់ខ្លួន ប្រសិនបើយើងធ្វេសប្រហែស ប្រទេសជាតិយើងនឹងរងគ្រោះម្តងទៀត។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសមិន អត់ឱនឱ្យនរណា ឬក្រុមណាក៏ដោយ ដែលមានបំណងចង់បំផ្លាញសុខសន្តិភាព និងដណ្តើមអំណាចតាមរយៈមិនឆ្លងកាត់តាមរយៈការបោះឆ្នោត ឬប្រជាធិបតេយ្យសេរី។ 

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ជំរុញទៅដល់ពលរដ្ឋគ្រប់រូបជាពិសេសកម្មករ កម្មការិនី ចូលរួមថែរក្សាសន្តិភាពដែលកម្ពុជាកំពុងមានពេលបច្ចុប្បន្ន។ សម្ដេចថាអ្នកដែលមិនស្វែងរកទេជាអ្នកដែលមិនខ្វល់ជាមួយនឹងសន្តិភាពនោះ។

 សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចនឹងមិនបណ្ដោយឲ្យកម្ពុជាធ្លាក់ទៅក្នុងសង្គ្រាមគ្មានសន្តិភាពម្ដងទៀតនោះទេ។ សម្ដេចថាសម្ដេចនិងនិយាយរំលឹកអំពីពាក្យការពារសន្តិភាពនិងត្រៀមវិធានការការពារសន្តិភាពជានិច្ចដរាបណាមានអ្នកដែលប៉ុនប៉ុងបំផ្លាញសន្តិភាពដែលកម្ពុជាមាន។

សម្ដេចមានប្រសាសន៍ថា៖ «គេចាប់ផ្ដើមនិយាយថា លោក ហ៊ុន សែន ចាប់ផ្ដើមនិយាយហើយថាធ្វើម៉េចការពារអំណាច! បាទទទួលយកថាអូខេ ថាខ្ញុំការពារអំណាច។ តែសុំសួរទៅពួកអស់លោកវិញថា ចង់អំណាចតើបានន័យថាម៉េចដែរ?»

សម្ដេចបន្ថែមថា៖ «អ្នកឯងប្រើវិធីមិនប្រជាធិបតេយ្យដើម្បីដណ្ដើមអំណាចតើវាបានន័យថាបែបម៉េចវិញដែលនេះមិនអាចអត់ឱនឲ្យបាននោះទេ។ បើមិនដូច្នោះប្រទេសកម្ពុជានិងរងគ្រោះជាថ្មីម្ដងទៀត»។

សម្ដេចតេជោក៏បានរំលឹកអំពីការចាប់ខ្លួនអ្នកដែលមានបំណងធ្វើបដិវត្តន៍កសិករផងដែរ ខណៈដែលរដ្ឋាភិបាលនៅធ្វើការស្រាវជ្រាវដល់ឬសគល់ពីប្រភពលុយថែមទៀត។

សម្ដេចបន្ថែមថា៖ «អ្នកកុំភ្លេចថាពួកខ្ញុំក៏មានខួរក្បាលនិងចេះគ្រប់គ្រងប្រទេសរបស់ខ្ញុំដែរព្រោះខ្ញុំក៏មានព័ត៌មានគ្រប់គ្រាន់នូវអ្វីដែលអ្នកឯងបានធ្វើដែរ»។

ជាមួយគ្នានេះសម្ដេចក៏បានរំលឹកពីប្រវត្តិសាស្ត្ររបស់កម្ពុជានៅក្នុងឆ្នាំ១៩៧០ ដែលធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្គ្រាមដែលសម្ដេចថានឹងមិនឲ្យប្រទេសធ្លាក់ចូលក្នុងភ្លើងសង្គា្រមម្ដងទៀតនោះទេ៕

ដោយ ៖ សិលា


ចែករំលែក៖