ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឲ្យបន្តពង្រឹងគុណភាពនៃការបណ្ដុះបណ្ដាល តាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ឧត្ដមសិក្សា និងថ្នាក់ក្រោយឧត្ដមសិក្សា។
សម្តេចតេជោ ហ៊ុនសែន ថ្លែងដូចនេះក្នុង ពិធីសម្ពោធពុទ្ធិកសាកលវិទ្យាល័យព្រះសីហៈមុនីរាជា នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។
សម្តេច ហ៊ុនសែន បានបញ្ជាក់ដែលថា ចំពោះថ្នាក់ក្រោយឧត្ដមសិក្សារួមមានថ្នាក់បរិញ្ញាជាន់ខ្ពស់ ឬអនុបណ្ឌិត និងថ្នាក់បណ្ឌិត ដែលទាមទារត្រូវការការជំរុញ និង លើកកម្ពស់ការបណ្តុះបណ្តាល និងត្រូវរកវិសាស្រ្តក្នុងការជ្រើសរើសសាស្ត្រាចារ្យដែលពូកែ និងមានបទពិសោធន៍ដើម្បីធ្វើជាអ្នកណែនាំនិក្ខេបបទក្នុងការសិក្សា។
សម្តេចមានប្រសាសន៍ថា៖ «មានតែវិធីសាស្រ្តនៅក្នុងការទាញយកសាស្រ្តាចារ្យដែលពូកែៗ និងមានបទពិសោធន៍ ដើម្បីធ្វើជាអ្នកណែនាំនិក្ខេបបទក្នុងការសិក្សានៅទីនេះ បើមិនដូច្នោះទេ និក្ខេបបទរបស់យើងចេះតែសសេរទៅ ចឹងចេះតែនាំគ្នាជាប់ៗទាំងអស់ ប៉ុន្តែនិក្ខេបបទមិនដឹងបែរមុខទៅខាងណាទេ»។
ជាមួយគ្នានេះសម្តេចក៏បានស្នើឱ្យរដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា ពង្រឹងបញ្ហានៃភាពធូររលុងនៃការការពារនិក្ខេបបទ និង យកចិត្តទុកដាក់ពិនិត្យទាក់ទិននឹងអ្នកណែនាំនិក្ខេបបទផង និងគណៈកម្មាធិការការពារនិក្ខេបបទផង។
នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឱ្យមានកែតម្រូវលើបទចម្រៀងមួយបទដែលមានចំណងជើង ទាក់ទងការអបអរសាទរសម្ពោធអគារសិក្សាថ្មីនៅពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា តែបែជាអ្នកនិពន្ធ និពន្ធច្រឡំដាក់ថាសាកលវិទ្យាល័យពុទ្ធិកសាកលវិទ្យាល័យសីហនុរាជាទៅវិញ។ សម្ដេចតេជោក៏បានបន្ថែមទៀតថា ពេលខ្លះការនិពន្ធបទចម្រៀងហាក់បីដូចជាលឿនពេក ដែលមិនបានសិក្សាឱ្យស៊ីជម្រៅ ធ្វើឱ្យមានការខុសឆ្គង ហើយពេលខ្លះនិពន្ធទៅតាមសកម្មភាពប្រចាំថ្ងៃ ដែលធ្វើឲ្យអ្នកស្ដាប់ ស្ដាប់សឹងមិនទាន់ សូម្បីសម្ដេចក៏មិនមានពេលស្តាប់ដែរ។ ដូច្នេះសម្ដេចតេជោសំណូមពរឲ្យមានការដកបទចម្រៀងមួយនេះចេញ និងធ្វើការកែតម្រូវ។
សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ណែនាំឱ្យជ្រើសរើសគ្រូល្អៗមកបណ្តុះបណ្តាលនៅសាកលវិទ្យាល័យពុទ្ធិកសីហមុនីរាជា ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សនិស្សិតឲ្យមានសមត្ថភាពល្អប្រសើរ។ ជាមួយគ្នានោះផងដែរ សម្តេចតេជោក៏បានជំរុញឱ្យពង្រឹងកិច្ចការនៃការធ្វើនិក្ខេបបទថ្នាក់បណ្ឌិតឲ្យបានត្រឹមត្រូវជ្រើសរើសអ្នកជំនាញមកពិនិត្យនិក្ខេបបទនោះឲ្យបានច្បាស់លាស់ ដើម្បីពង្រឹងគុណភាព នៃការសិក្សារបស់និស្សិត ៕
ដោយ ៖ សិលា