ភ្នំពេញ ៖ នៅយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសេចក្តីបកស្រាយបំភ្លឺ និងបដិសេធព័ត៌មាន ទាក់ទងទៅនឹងករណីចុះផ្សាយព័ត៌មានមិនពិតរបស់គណនីហ្វេសប៊ុកមួយឈ្មោះថា Sery Oun ថាជាករណីប្លន់ម៉ូតូ តាមពិតជាក់ស្តែងមិនមែនជាករណីប្លន់ទេ គឺជាករណីម្ចាស់បំណុលបាននាំអ្នកជំពាក់លុយគេចវេសមិនព្រមសងទៅប៉ុស្តិ៍នគរបាលរដ្ឋបាល ។
បន្ទាប់ពីបានឃើញការចុះផ្សាយព័ត៌មានតាមបណ្តាញសង្គម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទាក់ទងផ្តល់ព័ត៌មានឲ្យអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីធ្វើការស្រាវជ្រាវករណីនេះ។ បន្ទាប់ពីធ្វេីការស្រាវជ្រាវកម្លាំងជំនាញបានធ្វើការកោះហៅអ្នកជំពាក់លុយដែលផុសព័ត៌មានមិនពិត និងម្ចាស់លុយ ដើម្បីសាកសួរ បកស្រាយបំភ្លឺនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក។
ក្រោយពីធ្វេីការសាកសួររួចរាល់ ម្ចាស់គណនីហ្វេសប៊ុកខាងលើសារភាពទទួលកំហុស ដែលបានផុសព័ត៌មានមិនពិត បំពុលសង្គម ថាជាករណីប្លន់ ជាក់ស្តែង គឺជាករណីជំពាក់លុយគេមិនព្រមសង ។
ក្រោយពីធ្វេីការសាកសួរចប់ ស្ត្រីរូបនោះបានឯកភាពយល់ព្រមសងលុយជំពាក់ទៅម្ចាស់លុយ ហេីយកម្លាំងជំនាញបានធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យាដោយឈប់ប្រព្រឹត្តអំពើខុសឆ្គងបែបនេះតទៀត ដែលធ្វេីឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ៕
ដោយ ៖ ភារ៉ា ដង្កោ