ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដម៉ាក HAWTAIA បើកបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវលេខ២១៧ បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

​    ភ្នំពេញ​ ៖​ បុរសម្នាក់បានបេីករថយន្តម៉ាក HAWTAIAមួយគ្រឿង​ស្រាប់តែរេចង្កូតទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវបណ្ដាលឱ្យរថយន្តរងការខូចខាតយ៉ាងដំណំ​ តែសំណាងដែរដែលមិនបង្កឱ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ​ ។ 

​    ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤​និង ១០នាទីទៀបភ្លឺថ្ងៃទី៣១​ ខែឧសភា​ឆ្នាំ២០២៣​ នៅតាមបណ្ដោយផ្លូវលេខ២១៧ ត្រង់ចំណុចក្បែរនឹងអតីតស្ពានដែកចំការដូង​ ស្ថិតក្នុងសង្កាត់ដង្កោ​ ខណ្ឌដង្កោ​ ។ 

​    បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនកេីតហេតុគេឃើញរថយន្តម៉ាកHAWTAIA​ ពណ៌ទឹកប្រាក់​ ពាក់ផ្លាកលេខភ្នំពេញ2BB-7124 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៧​ ក្នុងទិសដៅពីកើតមកលិច​ ដោយមានល្បឿនយ៉ាងលឿន​ ខណៈពេលមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរេចង្កូតទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវបណ្ដាលឱ្យរថយន្តបាក់កាឡេកង់មុខចំហៀងខាងឆ្វេងទៅមុខលែងរួច​ តែក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កឱ្យប្រជាពលរដ្ឋ​ឬនរណាម្នាក់រងរបួសនោះឡេីយ​ ។ 

​     ក្រោយកេីតហេតុភ្លាមៗ​ តៃកុងរថយន្តបង្កបានឡើងទៅជិះឡំប្រឺតាគេចខ្លួនបាត់​ ទៅ។ បន្ទាប់មកក៏មានសមត្ថកិច្ចមូលដ្ឋានចុះមកដល់​ សហការជាមួយនឹងនគរបាលជំនាញធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំភាគីម្ចាស់រថយន្តចូលខ្លួនដោះស្រាយតាមច្បាប់​៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖