ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ពី លទ្ធផលផ្លូវការនៃព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅសាធារណរដ្ឋឥណ្ឌា ថ្ងៃទី២៩-៣១ ខែឧសភា ឆ្នាំ២០២៣។
តបតាមការអញ្ជើញរបស់ លោកស្រី ដ្រៅផាឌី មួរមូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានស្ដេចយាងបំពេញព្រះរាជទស្សនកិច្ច ផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌា ពីថ្ងៃទី២៩ ដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៣ ដើម្បីរួមគ្នាប្រារព្ធខួប លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
ក្នុងអំឡុងព្រះរាជទស្សនកិច្ច ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ មានព្រះរាជសវនាការជាមួយលោកស្រី ដ្រៅផាឌី មួរមូ ប្រធានាធិបតី និងលោក ណារិនដ ម៉ូឌី នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឥណ្ឌា និងសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន លោក ប៉ាកឌីប ដាន់ខា អនុប្រធានាធិបតី និងលោកបណ្ឌិត ស៊ូប្រាម៉ាន់យ៉ាំ ចៃហ្សាន រដ្ឋមន្ត្រី ការបរទេសនៃសាធារណរដ្ឋឥណ្ឌា ចូលក្រាបបង្គំគាល់ដាច់ដោយឡែកពីគ្នា។ ព្រះករុណា ព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យសេ្តចយាងប្រទានកម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោកមហាត្មះគន្ធី នៅមណ្ឌប រ៉ាចម្កាត់ លោកស្រី ដ្រៅផាឌី មួរមូ ក៏បានរៀបចំព្រះរាជពិធីលៀងសាយភោជន៍ផ្លូវរដ្ឋជា កិត្តិយសថ្វាយ ព្រះករុណា ព្រះមហាក្សត្រ ព្រមទាំងគណៈប្រតិភូដង្ហែព្រះរាជដំណើរ នៅវិមាន ប្រធានាធិបតី រ៉ាសត្រាផាទី ប៉ាវ៉ាន់។
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងថ្នាក់ដឹកនាំឥណ្ឌាបាន រំលឹកពីទំនាក់ទំនងដ៏ជិតស្និទ្ធ និងជាពិសេសរវាងព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងលោក ចាវ៉ាហាឡាល នេហ៍រុ នាយករដ្ឋមន្ត្រីទីមួយនៃសាធារណរដ្ឋឥណ្ឌា ដែលបានកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ទំនាក់ទំនងមិត្តភាពដ៏កក់ក្តៅ និងកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធ ដែលកំពុងរីកចម្រើន និងត្រូវបានចាក់ឫសយ៉ាងជ្រៅនៅក្នុងកេរដំណែលរួមនៃប្រវត្តិសាស្ត្រ សាសនា វប្បធម៌ និងអក្សរសាស្ត្ររវាងប្រទេសទាំងពីរ។
លោកស្រី ដ្រៅផាឌី មួរមូ និងថ្នាក់ដឹកនាំឥណ្ឌាផ្សេងទៀត បានថ្វាយព្រះពរស្វាគមន៍យ៉ាង កក់ក្តៅចំពោះព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី នៅប្រទេសឥណ្ឌា ដោយចាត់ទុកថាជាមហាព្រឹត្តិការណ៍ដ៏សំខាន់ជាប្រវត្តិសាស្ត្រ និងមាន ជំនឿយ៉ាងមុតមាំថា ទស្សនកិច្ចនេះនឹងលើកកម្ពស់ចំណងទាក់ទងដ៏ល្អប្រសើររវាងប្រទេសជាមិត្ត ទាំងពីរឱ្យកាន់តែខ្ពស់ និងជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាបន្ថែមទៀត។ ភាគីឥណ្ឌា ក៏ បានកត់សម្គាល់ដោយក្តីរីករាយចំពោះការផ្លាស់ប្តូរទស្សនកិច្ច និងកិច្ចសហប្រតិបត្តិការរវាងសភាន ប្រទេសទាំងពីរផងដែរ។
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានមានព្រះបន្ទូលរំលឹកដោយ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្គាល់ និងការគាំទ្ររបស់ឥណ្ឌាដល់កម្ពុជា ក្នុងគ្រា ដ៏លំបាកបំផុតទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ បន្ទាប់ពីកម្ពុជាទើបត្រូវបានរំដោះចេញពីរបប ប្រល័យពូជសាសន៍ ប៉ុល ពត និងការបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់ឥណ្ឌាចូលរួមក្នុង បេសកកម្មនៃអាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់) សម្រាប់ ដំណើរការសន្តិភាពនៅកម្ពុជាក្នុងអំឡុងដើមទសវត្សរ៍ ៩០។
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងថ្នាក់ដឹកនាំឥណ្ឌា បានវាយ តម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដែលកំពុងតែមានការរីកចម្រើន និង កំពុងត្រូវបានពូនជ្រុំឥតឈប់ឈរដោយថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរក្នុងរយៈ ពេល ៧០ ឆ្នាំកន្លងមកនេះ លើវិស័យជាច្រើនដែលជាផលប្រយោជន៍រួម រួមមាន នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ វប្បធម៌ ការផ្សារភ្ជាប់រវាងប្រជាជន និងប្រជាជន និងវិស័យ ការពារជាតិ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាទៀងទាត់ និងការប្រាស្រ័យទាក់ទងដ៏ជិតស្និទ្ធរវាង ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ។ ព្រះករុណា ព្រះមហាក្សត្រ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះការចូលរួមចំណែករបស់ឥណ្ឌាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជាតាមរយៈ ការផ្តល់ឥណទាន និងហិរញ្ញប្បទានឥតសំណង ខណៈភាគីឥណ្ឌាបានបញ្ជាក់ជាថ្មីពីការបន្តគាំទ្រ កម្ពុជាក្នុងការស្តារ និងអភិរក្សប្រាសាទបុរាណ និងសកម្មភាពសម្អាតមីននៅកម្ពុជា ព្រមទាំងកិច្ច សហប្រតិបត្តិការផ្សេងទៀតដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសទាំងពីរ នៅក្នុង បណ្តាឆ្នាំខាងមុខ។ ក្នុងអំឡុងព្រះរាជសវនាការជាមួយ ព្រះករុណា ព្រះមហាក្សត្រ លោក នាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី បានថ្វាយសំណើជួសជុលគំនូរនៅលើថែវស្តីពីរឿងរាមាយណៈ នៅ ក្នុងព្រះបរមរាជវាំង។
ភាគីទាំងពីរ បានសម្តែងនូវទំនុកចិត្តយ៉ាងមុតមាំថា មូលដ្ឋានដ៏រឹងមាំនៃទំនាក់ទំនងទ្វេភាគី នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ដើម្បីបន្តជំរុញឱ្យកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើគ្រប់វិស័យ ដែលជាផលប្រយោជន៍រួមកាន់តែមានភាពរីកចម្រើន និងស៊ីជម្រៅ សំដៅឆ្ពោះទៅរកអនាគតដ៏ ត្រចះត្រចង់ និងប្រកបដោយវិបុលភាពសម្រាប់ប្រទេសទាំងពីរ។
ក្រៅពីទំនាក់ទំនងទ្វេភាគី ភាគីទាំងពីរក៏បានសម្តែងនូវការគាំទ្រគ្នាទៅវិញទៅមកនៅក្នុង ក្របខណ្ឌតំបន់ និងនៅលើឆាកអន្តរជាតិ រួមមាន កិច្ចសហប្រតិបត្តិការមេគង្គ-គង្គ អាស៊ាន និង អង្គការសហប្រជាជាតិ។
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅ ចំពោះលោកស្រីប្រធានាធិបតី ដ្រៅផាឌី មួរមូ ថ្នាក់ដឹកនាំ និងប្រជាជនឥណ្ឌា សម្រាប់ការ ស្វាគមន៍យ៉ាងកក់ក្តៅ និងបដិសណ្ឋារកិច្ចដ៏ល្អប្រសើរ ថ្វាយ ព្រះករុណា ព្រះមហាក្សត្រ និងជូន គណៈប្រតិភូដង្ហែព្រះរាជដំណើរ ក្នុងអំឡុងពេលគង់ប្រថាប់ និងស្នាក់នៅក្នុងប្រទេសឥណ្ឌា។ ព្រះករុណា ព្រះមហាក្សត្រ ទ្រង់សព្វព្រះរាជហឫទ័យសូមអញ្ជើញលោកស្រី ដ្រៅផាឌី មួរមូ ទៅ បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា តាមពេលវេលាសមស្រប។ លោកស្រី ដ្រៅផាទី មួរមូ បានសម្តែងនូវអំណរព្រះរាជគុណថ្វាយ ព្រះករុណា ព្រះមហាក្សត្រ និងទទួលយកការអញ្ជើញ ដោយសេចក្តីសោមនស្សរីករាយ៕
ដោយ ៖ សិលា