ភ្នំពេញ៖ ករណីធាក់ប្លន់ម៉ូតូនៅទឹកដី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញរកឃើញម៉ូតូវិញ នៅទឹកដីខណ្ឌដង្កោ និងឃាត់ខ្លួនអ្នកពាក់ព័ន្ធម្នាក់បញ្ជូនទៅតុលាការ។ នេះបេីយោងតាមប្រភពព័ត៌មានពីកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបានឱ្យដឹងកាលពីយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។
របាយការណ៍របស់មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញបានឱ្យដឹងថា កាលពីវេលាម៉ោងប្រមាណ ២១និង១០នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចផ្លូវជាតិលេខ៣ ក្នុងភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានករណីក្រុមជនសង្ស័យមួយក្រុមមានគ្នា០៦នាក់ ជិះម៉ូតូ០៥គ្រឿង បានធ្វើសកម្មភាពធាក់ផ្តួលម៉ូតូរបស់ជនរងគ្រោះនិងស្រែកគំរាមថា នឹងកាប់សម្លាប់ចោល ធ្វើឱ្យជនរងគ្រោះភ័យខ្លាចក៏បណ្តោយឱ្យក្រុមជនសង្ស័យ លើកយកម៉ូតូ០១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ពាក់ស្លាកលេខ ភ្នំពេញ 1KB-0837 ពីជនរងគ្រោះ ជិះគេចបាត់ទៅតែម្តង។
បន្ទាប់មក នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ជនរងគ្រោះ បានប្តឹងមកកងរាជអាវុធហត្ថរាជធានីភ្នំពេញអំពីករណីធាក់ប្លន់ខាងលើនេះ។ ក្រោយពីទទួលបណ្តឹងរបស់ជនរងគ្រោះរួច កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវ រហូតប្រទះឃើញម៉ូតូជនរងគ្រោះកំពុងត្រូវបានបុរសម្នាក់ជិះនៅលើដងផ្លូវ ត្រង់ចំណុចរង្វង់មូលកួរស្រូវ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ ឃើញដូច្នោះកម្លាំងជំនាញអាវុធហត្ថខណ្ឌដង្កោ បានសហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ ក៏បានបើកម៉ូតូចូលសំដៅទៅរកបុរសដែលកំពុងបើកម៉ូតូរបស់ជនរងគ្រោះម្នាក់នោះយ៉ាងប្រកៀកប្រកិត រហូតមកដល់ចំណុចបន្ទប់ជួលលេខ១២ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញក៏បានប្រទះឃើញមុខសញ្ញាសង្ស័យ ភ្លាមៗនោះសមត្ថកិច្ចអាវុធហត្ថក៏បានធ្វើការឡោមព័ទ្ធទីតាំងនោះ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ឈុន សុខនៅ ភេទប្រុស អាយុ៣៧ឆ្នាំ រួមជាមួយម៉ូតូ០១គ្រឿងដែលជារបស់ជនរងគ្រោះ ត្រូវបានក្រុមជនសង្ស័យដោះស្លាកលេខចេញដើម្បីបំបាត់ភស្តុតាងផងដែរ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ និងកំពុងបន្តធ្វើការស្រាវជ្រាវករណីខាងលើ ដោយយកចិត្តទុកដាក់ ដើម្បីស្វែងរកក្រុមជនសង្ស័យដែលពាក់ព័ន្ធយកមកផ្តន្ទាទោសតាមច្បាប់បន្តទៀត៕
ដោយ៖សហការី