ព័ត៌មានទាន់ហេតុការណ៍៖

តំណាងអយ្យការសម្រេចដោះលែងនាយកក្រុមហ៊ុន GTBL.ករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន

ចែករំលែក៖

ភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ នេះបានសម្រេចធ្វើការដោះលែងនាយកក្រុមហ៊ុន GTBL សំណង់ ឲ្យមានសេរីភាពវិញ ដែលជាបទល្មើសព្រហ្មទណ្ឌ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ដោយយោងទៅលើជនរងគ្រោះសុំដកពាក្យបណ្តឹង តែសំណុំរឿងនៅបើកការស៊ើបអង្កេតបន្ត ។ 

ជនសង្ស័យឈ្មោះ KIM JINGGU ភេទប្រុស អាយុ៥៩ ឆ្នាំ ជនជាតិកូរ៉េខាងត្បូង មុខរបរ ជានាយកក្រុមហ៊ុន GTBL សំណង់ មានទីលំនៅផ្ទះលេខ៦៧A  ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ 

 ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន និងបញ្ជូនទៅខាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែមិថុនា ដោយជាប់ពាក់ព័ន្ធពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ ។ អង្គហេតុបានបញ្ជាក់ថា នៅអំឡុងខែធ្នូឆ្នាំ២០២២ រហូតដល់ដើមឆ្នាំ២០២៣ លោក KIM JINGGU ក្រុមហ៊ុន បានប្រើឈ្មោះក្រុមហ៊ុន GTBL អិលខនស្ត្រាក់សិន ឯ.ក ដើម្បីទិញដែក និងស៊ីម៉ងត៍ ពីក្រុមហ៊ុន BPC ត្រេឌីង ខូអិលធីឌី ចំនួន ៦៣៥.៧៤ តោន ស្មើទឹកប្រាក់ប្រមាណ ៨៨.៣៩៣ ដុល្លារអាមេរិក ដោយសន្យាសងគ្រប់ចំនួននៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ។ បន្ទាប់មកនាយកក្រុមហ៊ុនបានសងប្រាក់ឲ្យទៅដើមបណ្តឹងចំនួន២ លើកដែរ ស្មើទឹកប្រាក់ចំនួន ៣០.០០០ ដុល្លារអាមេរិក រួចក៏បានតម្កល់មូលប្បទានប័ត្រមួយសន្លឹកនៅធនាគារ ABA ចំនួនទឹកប្រាក់ ៥០.០០០ ដុល្លារអាមេរិក ដោយកំណត់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ប៉ុន្តែនៅពេលដើមបណ្តឹងទៅដកយកប្រាក់នោះ បែរជាពុំមានសាច់ប្រាក់ទេ “សែកស្អុយ” ទើបដើមបណ្តឹងសម្រេចចិត្តប្តឹងសមត្តកិច្ចឲ្យជួយចាត់ការតាមផ្លូវច្បាប់ ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖