ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញបាននាំខ្លួនអ្នកម៉ៅការសំណង់ធនាគារជាតិ និងគូកនម្នាក់ទៅកាន់តុលាការពាក់ព័ន្ធពីបទរំលោភលើទំនុកចិត្ត និងបទឆបោក ដែលមានទំហំទឹកប្រាក់ប្រមាណជិតកន្លះលានដុល្លារអាមេរិក ។
ជនសង្ស័យខាងលើនេះ ម្នាក់មានឈ្មោះ កែវ ស៊ុនហេង ភេទប្រុស អាយ៤២ឆ្នាំ មុខរបរអ្នកម៉ៅការសំណង់ មានទីលំនៅផ្ទះលេខ៥E0 ស្ថិតក្នុងសង្កាត់ផ្សារដេបូ៉ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងម្នាក់ឈ្មោះ ពិសិដ្ឋ ម៉ារ៉ាឌី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅផ្ទះ៩១៣D ផ្លូវបេតុង២ បុរី១០០ខ្នង ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ដើមចមនៃការនាំខ្លួនជនសង្ស័យទាំង២នាក់ខាងលើទៅកាន់តុលាការត្រូវបានគេដឹងថា កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ ឈ្មោះ TRAN VANTOAN ជាជនជាតិវៀតណាមបានទៅប្តឹងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញទៅលើឈ្មោះ កែវ ស៊ុនហេង និងឈ្មោះ ពិសិដ្ឋ ម៉ារ៉ាឌីន ពីបទរំលោភទំនុកចិត្តនិងឆបោក។
ក្រោយពីមានពាក្យបណ្តឹងភ្លាម សមត្ថកិច្ចក៏បានកោះហៅចុងចោទឱ្យចូលឆ្លើយបំភ្លឺដំណើររឿងទៅលើពាក្យបណ្តឹងនោះ ប៉ុន្តែជនសង្ស័យបានគេចវេះមិនព្រមចូលខ្លួនតាមការកោះហៅនោះទេ។ បន្ទាប់មក ទើបសមត្ថកិច្ចបានស្នើសុំទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចេញដីកាបញ្ជាឱ្យជនសង្ស័យចូលខ្លួនរហូតដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។ ដោយខ្លាចខូចប្រយោជន៍ជនរងគ្រោះ សមត្ថកិច្ចក៏បានទៅនាំខ្លួនជនសង្ស័យ រួចប្រគល់ជូនស្ថាប័នអយ្យការដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង។
តាមពាក្យបណ្តឹងរបស់ជនរងគ្រោះបានបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ភាគីខាងជនរងគ្រោះបានព្រមព្រៀងចុះកិច្ចសន្យាទទួលធ្វើការ ដោយផ្តល់ជាកម្លាំងពលកម្ម សម្រាប់សាងសង់សំណង់ជាមួយភាគី«ក» «អ្នកម៉ៅការ» ចំនួន១០គម្រោង រួមទាំងធនាគារជាតិផងដែរ ដែលគម្រោងនីមួយៗ គឺមានទំហំទឹកប្រាក់ខុសៗគ្នា។ បន្ទាប់ពីចុះកិច្ចព្រមព្រៀងគ្នាហើយ ភាគី «ក» បានយល់ព្រមឲ្យភាគី«ខ» រកកម្លាំងពលកម្មសម្រាប់ធ្វើការសាងសង់សំណង់ទាំង១០គម្រោងនោះ ដោយមានការជឿទុកចិត្តលើភាគី«ក» ដើមបណ្តឹងបានបំពេញកាតព្វកិច្ចរួចរាល់ហើយ ប៉ុន្តែភាគី«ក» ខាងអ្នកម៉ៅការ (ជនសង្ស័យ) វិញទេ ដែលមិនបានគោរពតាមការព្រមព្រៀងនោះ ពោលគឺនៅជំពាក់ប្រាក់ភាគី«ខ» (ដើមបណ្តឹង) ចំនួន ៣៨៩ ៩៩១ ស្មើនឹងជិតកន្លះលានដុល្លារអាមេរិក ព្រមទាំងប្រាក់កម្រៃជើងសារផ្សេងទៀត។
អង្គហេតុដូចបានរៀបរាប់ខាងលើនេះហើយ ទើបត្រូវជនរងគ្រោះប្តឹងឱ្យសមត្ថកិច្ចនាំខ្លួនអ្នកម៉ៅការសំណង់ និងគូកនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង៕
ដោយ ៖ រ៉ារ៉ា