ព័ត៌មានទាន់ហេតុការណ៍៖

វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ បានរៀបចំនូវបាឋកថា ស្ដីពី «ការទូតសេដ្ឋកិច្ច ក្នុងសម័យឌីជីថល»

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអោយដឹងថា, នៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ វិទ្យាស្ថានជាតិការទូតនិង ទំនាក់ទំនងអន្តរជាតិ បានរៀបចំនូវបាឋកថាស្តីពី «ការទូតសេដ្ឋកិច្ចក្នុងសម័យឌីជីថល» (Economic Diplomacy in the Digital Era) ដោយបានអញ្ជើញលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ធ្វើជាវាគ្មិនកិត្តិយស។ បាឋកថានេះ ត្រូវបានអញ្ជើញចូលរួម ជាអធិបតីដោយលោកបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្រប សម្រួលការទូតសេដ្ឋកិច្ច និងមានការអញ្ជើញចូលរួមស្តាប់ពីថ្នាក់ដឹកនាំ មន្ត្រីក្រសួង និងមន្ត្រីការទូត ដែលកំពុងបំរើការងារនៅតាមស្ថានតំណាងកម្ពុជាប្រចាំនៅបរទេស តាមការចូលរួមដោយផ្ទាល់ និង តាមប្រព័ន្ធអនឡាញសរុបចំនួនប្រមាណ២០០នាក់។

លោកស្រីបណ្ឌិត ជា សិរី បានរំលេចអំពីប្រវត្តិរូបិយវត្ថុកម្ពុជាពីសម័យបុរណមកដល់ សម័យបច្ចុប្បន្ន និងតួនាទីរបស់ធនាគារជាតិនៅក្នុងការរក្សាស្ថេរភាពតម្លៃរូបិយវត្ថុ ដោយអនុវត្ត គោលនយោបាយហិរញ្ញវត្ថុប្រកបដោយទំនុកចិត្ត និងភាពជឿជាក់។ លោកស្រីបណ្ឌិតបានលើក ឡើងផងដែរអំពីការអនុវត្តដុល្លារូបនីយកម្ម (Dollarisation) និងបានសង្កត់ធ្ងន់អំពីគោល នយោបាយលើកកម្ពស់ប្រាក់រៀល ដែលអនុញ្ញាតឱ្យធនាគារជាតិមានលទ្ធភាពខ្ពស់លើការគ្រប់គ្រង អតិផរណា ក្នុងករណីមានវិបត្តិសេដ្ឋកិច្ចណាមួយកើតឡើង។ បច្ចុប្បន្ននេះ ធនាគារជាតិបានបង្កើត និងអភិវឌ្ឍប្រព័ន្ធទូទាត់ “បាគង” (Bakong) ដែលផ្ដល់ភាពងាយស្រួលដល់ប្រជាជនខ្មែរក្នុងការ ទូទាត់នៅក្នុងប្រទេស និងនៅប្រទេសមួយចំនួន និងកំពុងបន្តអភិវឌ្ឍប្រព័ន្ធទូទាត់នេះឱ្យមាន វិសាលភាពកាន់តែទូលំទូលាយបន្ថែមទៀត។

នៅក្នុងកម្មវិធីបិទបាឋកថា លោក ចឺយ វិចិត្ត ប្រធានវិទ្យាស្ថាន បានសង្កត់ធ្ងន់ពីភាព ចាំបាច់នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតាមប្រព័ន្ធឌីជីថល ដែលវិស័យនេះពិតជាមានសារសំខាន់ សម្រាប់ការងារការទូតនាពេលបច្ចុប្បន្ន និងអនាគត ស្របនឹងការដាក់ចេញនូវយុទ្ធសាស្ត្រការទូត សេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ របស់ក្រសួងការបរទេស។ ជាកិច្ចបញ្ចប់ លោកបានថ្លែងអំណរ គុណដ៏ជ្រាលជ្រៅបំផុតដល់លោកជំទាវបណ្ឌិត ដែលបានចំណាយពេលដ៏មមាញឹកចូលរួមធ្វើ បាឋកថាដ៏មានសារសំខាន់នាឱកាសនេះ៕

ដោយ ៖ សិលា


ចែករំលែក៖