ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ថា លុយអាចចាយអស់ ប៉ុន្ដែកេរ្ដិ៍ឈ្មោះ ចាយមិនអស់នោះទេ កេរ្ដិ៍ឈ្មោះ ដែលកម្ពុជាធ្វើស៊ីហ្គេម និងប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទុកបន្សល់ឲ្យកូនចៅយើង រាប់រយឆ្នាំតទៅទៀត»។
សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បានលើកឡើងថា កម្ពុជាជាប្រទេសក្រ ប៉ុន្ដែបេះដូងធំ ហើយសម្ដេចតេជោ បានប្រាប់ថា ធ្វើជាមនុស្សកុំចាំបាច់ ធ្វើជាមនុស្សមុខលុយខ្លាំងពេក លុយចាយអស់ ក៏ប៉ុន្ដែកិត្ដិយសចាយអត់អស់ទេ ហើយកត់ត្រាចំណាំ។
ទន្ទឹមគ្នានេះផងដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពិធីបើកអាស៊ានប៉ារ៉ាហ្គេម មិនចាញ់ការបើកស៊ីហ្គេមនោះឡើយ។ ស៊ីហ្គេម មនុស្សហោះតែម្នាក់ អាស៊ានប៉ារ៉ាហ្គេម មនុស្សហោះរហូតដល់ទៅ ១០នាក់។ សម្តេចតេជោ បន្ដថា ការរៀបចំប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម បានរួមចំណែកពង្រឹងសាមគ្គីភាព និងមិត្តភាពប្រជាជាតិអាស៊ីអាគ្នេយ៍ជាង ៦០០លាននាក់។
សម្ដេចតេជោ បានថ្លែងបែបនេះថា «យើងមិនមែនធ្វើម្ចាស់ផ្ទះ ត្រឹមតែសម្រាប់ប្រជាជនខ្លួនឯង ត្រឹម១៧លាននាក់នោះទេ យើងមានភារកិច្ច ធ្វើការសម្របសម្រួល និងទំនាក់ទំនង ជាមួយនឹងប្រជាជនជាង៦០០លាននាក់ របស់អាស៊ាន»។
បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អ្នកខ្លះគេថាកម្ពុជា ចាយលុយខ្ចះខ្ចាយ មិនគិតយកលុយ ដែលធ្វើស៊ីហ្គេមនោះមកធ្វើអ្វីផ្សេង បែរជាមកធ្វើស៊ីហ្គេម ប៉ុន្ដែសម្ដេចបញ្ជាក់ថា ស៊ីហ្គេម គឺជាកាត្វកិច្ចរបស់សមាជិកអាស៊ាន។
សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា ព្រឹត្ដិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៣នេះ គឺជាលើកដំបូង នៅក្នុងប្រវត្ដិសាស្ដ្រ ស៊ីហ្គេម និងអាស៊ានបារ៉ាហ្គេម ដែលកម្ពុជា មិនយកថ្លៃទាំងអស់ រាប់ទាំងថ្លៃស្នាក់នៅ ហូបចុក និងប្រព័ន្ធផ្សព្វផ្សាយ។
សូមបញ្ជាក់ថា : សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣នេះ បានលើកឡើងថា កេរ្តិ៍ឈ្មោះរបស់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ (32nd SEA Games 2023) និងការប្រកួតកីឡាជនមានពិការភាព អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចាយមិនអស់ទេ ហើយបន្សល់ទុកឲ្យកូនខ្មែរ រាប់រយឆ្នាំទៅមុខទៀត។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចសរុបជិត ៦ពាន់នាក់ នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣នេះ។
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានជំនឿយ៉ាងមុតមាំថា កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៧ ហើយនឹងឈានទៅសម្រេចគោលដៅប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ តាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
សម្តេចតេជោបានគូសបញ្ជាក់ថា កំណើនសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ននេះបានផ្តល់ឱកាសឱ្យកម្ពុជាអាចឈានទៅដល់គោលដៅនោះ បើទោះបីប្រឈមបញ្ហាបម្រែបម្រួលអាកាសធាតុ ជំងឺរាតត្បាត និងភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយ។
សម្តេចតេជោថ្លែងនេះ ដើម្បីសម្រេចបាននូវគោលដៅនោះ គឺទាមទារឱ្យមានការចូលរួមគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ហើយត្រូវមានការរួមចំណែកពីពលរដ្ឋទាំងអស់ក្នុងការថែរក្សាឱ្យបាននូវសន្តិភាព និងស្ថិរភាពនយោបាយ៕
ដោយ ៖ សិលា