ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឱ្យដឹងនៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣នេះថា កម្លាំងនគរបាលជំនាញបានធ្វេីការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់នៅត្រង់ចំណុចភូមិដើមមៀន ឃុំដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល និងយកមកប្រគល់ឱ្យសមត្ថកិច្ចនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ជើងឯកដេីម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត(យកម៉ូតូសណ្តោងរុឺម៉ក)កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១១និង៣០នាទី ត្រង់ចំណុចឃ្លាំងទិញអេតចាយ ផ្ទះជួល ផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ នាពេលកន្លងទៅ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ យ៉ែម ប៊ុនថន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញអេតចាយ មានទីលំនៅភូមិដូង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យម្នាក់ដែលឃាត់ខ្លួនបាន ឈ្មោះ ធឹម សឹមផាន ហៅ វ័ន្ត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល (ជនសង្ស័យមានសារធាតុញៀន) ។
សម្ភារបាត់បង់៖ ម៉ូតូម៉ាកស៊ីរ៉ុស ពណ៌ខ្មៅ សេ៊រីឆ្នាំ២០១៧ គ្មានផ្លាកលេខ(ម៉ូតូចាស់)និងរុឺម៉កចំនួន០១គ្រឿង។
សមត្ថកិច្ចបានបញ្ចាក់ថា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១១និង៣០នាទី ជនរងគ្រោះឈ្មោះ យ៉ែម ប៊ុនថន បានទូរស័ព្ទមកជនសង្ស័យឈ្មោះ ធឹម សឹមផាន ហៅវ័ន្ត ឱ្យបើកម៉ូតូម៉ាកស៊ីរ៉ូស ពណ៌ខ្មៅ សេ៊រីឆ្នាំ២០១៧ គ្មានផ្លាកលេខ(ម៉ូតូចាស់)សណ្តោងរុឺម៉ក ចេញពីឃ្លាំងទិញអេតចាយ ផ្ទះជួល ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ទៅទិញសម្ភារបន្ទប់ទឹកនិងទុយយោដើម្បីយកទៅដាក់នៅផ្ទះថ្មីស្ថិតនៅភូមិដូង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយជនសង្ស័យក៏បានបើកម៉ូតូម៉ាកខាងលើសណ្តោងរុឺម៉កទៅបាត់មិនឃើញមកវិញ រហូតដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៦និង០០នាទីទើបជនរងគ្រោះមករាយការណ៍ប្រាប់សមត្ថកិច្ចនិងដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យខាងលើនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯក ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរនិងចាត់ការតាមផ្លូវច្បាប់ ។
លុះមកដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង០១និង៣០នាទី ស្រាប់តែជនរងគ្រោះឃើញជនសង្ស័យឈ្មោះ ធឹម សឹមផាន ហៅវ័ន្ត នៅត្រង់ចំណុចភូមិដើមមៀន ឃុំដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ក៏បានឃាត់ខ្លួនជនសង្ស័យខាងលើយកមកប្រគល់ឱ្យសមត្ថកិច្ចនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ជើងឯក ដើម្បីធ្វើការសាកសួរតាមនីតិវិធីច្បាប់តែម្តង ។
ក្រោយពីធ្វើសាកសួរជនសង្ស័យក៏បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថារូបគេ(ជនសង្ស័យ) ពិតជាបានយកម៉ូតូនិងរុឺម៉ករបស់ជនរងគ្រោះប្រាកដមែន ។ បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យ ហើយមានការសម្របសម្រួលពីលោក ទុង រតនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតអោយសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យចាត់ការតាមផ្លូវច្បាប់តែម្ដង ៕
ដោយ ៖ ភារ៉ា ដង្កោ