នៅថ្ងៃទី៣ ខែមិថុនា នាវាចម្បាំងឥណ្ឌូណេស៊ីបានបើកល្បាតនៅដែនសមុទ្រក៏ស្រាប់តែឆាបឆេះតែម្តង។ កងទ័ពជើងទឹកឥណ្ឌូណេស៊ីបាននិយាយថា គ្មានមនុស្សណាម្នាក់ក្នុងចំណោមមនុស្ស ១១៩នាក់នៅលើនាវានោះរងរបួស ឬស្លាប់នោះឡើយ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Bernama និង The Maritime នាវាដែលឆាបឆេះគឺជាប្រភេទ Hading Bay-538 ដែលបំពាក់ដោយផ្លូវចុះចតឧទ្ទម្ភាគចក្រនៅខាងមុខ។ នាវានេះត្រូវបានដាក់ឱ្យដំណើរការដោយប្រទេសអាល្លឺម៉ង់ក្នុងឆ្នាំ1978 ហើយប្រទេសឥណ្ឌូណេស៊ីបានទិញវានៅឆ្នាំ 1993 ។
កងនាវាចរឥណ្ឌូណេស៊ី បាននិយាយថា ភ្លើងបានឆាបឆេះខណៈដែលនាវាកំពុងធ្វើដំណើរចម្ងាយ 11 ម៉ាយពីសមុទ្រ Selayar និង 7 ម៉ាយពីកោះ Sulawesi ខាងត្បូង។ គេមិនទាន់ដឹងច្បាស់ថា ភ្លើងចាប់ផ្តើមនៅពេលណានោះទេ ។ នាវាចំនួន 5 ត្រូវបានបញ្ជូនភ្លាមៗដើម្បីគាំទ្រ។
ទូកអូសរបស់កងទ័ពជើងទឹកឥណ្ឌូណេស៊ីនៅតំបន់នោះបានមកជួយជម្លៀសនាវិកយ៉ាងឆាប់រហ័ស។ រូបភាពវីដេអូបង្ហាញពីនាវិកនៃ Hading Bay ប្រមូលផ្តុំគ្នានៅផ្នែកខាងមុខនៃនាវា ខណៈដែលផ្សែងហុយចេញពីផ្នែកខាងក្រោយនៃនាវា។ ឧត្តមនាវីឯក Wira Hady Arsanta បាននិយាយថា នាវិកត្រូវបានបណ្តុះបណ្តាលយ៉ាងល្អក្នុងគ្រាអាសន្ន ហើយការជម្លៀសមានសណ្តាប់ធ្នាប់។ មនុស្សគ្រប់គ្នាបានចាកចេញពីនាវាបន្ទាប់ពី 30 នាទី ហើយគ្មាននរណាម្នាក់រងរបួសទេ។
កងនាវាចរឥណ្ឌូណេស៊ី បាននិយាយថា មូលហេតុនៃការឆេះនេះ មិនទាន់ដឹងនៅឡើយ ហើយពេលនេះកំពុងត្រូវបានស៊ើបអង្កេត។ ទូកទាញបានជួយនាំយក Hading Bay-538 ទៅកាន់កំពង់ផែដែលនៅជិតបំផុត៕
ដោយ៖ ធីរីណា