ភ្នំពេញ៖ កីឡាការិនី យិន សូត បានឈ្នះមេដាយមាសលើប្រភេទកីឡាអត្តពលកម្ម នៃវិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ T11 នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។
ជាមួយគ្នានេះនៅព្រឹកថ្ងៃនេះក៏មានកីឡាការិនីម្នាក់ទៀត គឺ ងួន រតនា ក៏ទទួលបានមេដាយមាសក្នុងប្រភេទកីឡាអត្តពលកម្ម វិញ្ញាសារត់ចម្ងាយ ១ ៥០០ម៉ែត្រ T46 ផងដែរ។ កីឡាការិនី ងួន រតនា កាលប្រកួតលើវិញ្ញាសារត់ចម្ងាយ ៤០០ម៉ែត្រថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ បានទទួលមេដាយប្រាក់។
កីឡាការិនី យិន សូត កាលប្រកួតនៅថ្ងៃទី០៥ ខែមិថុនា ក៏ទទួលបានមេដាយសំរឹទ្ធលើវិញ្ញាសារត់ចម្ងាយ ៤០០ម៉ែត្រ T11។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃ កម្ពុជា ធ្លាប់មានប្រសាសន៍ទៅកាន់អត្តពលិកជនមានពិការភាពកម្ពុជាទាំងអស់បើទោះបីមិនទទួលបានមេដាយ ឬបានមេដាយ ក៏កុំបាក់ទឹកចិត្តឱ្យសោះ។
នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (RULE) សរុបជិត ៦ពាន់នាក់ នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ថា៖ «ទោះបីបានឬមិនបាន ប៉ុន្តែក្មួយ កូនៗកុំបាក់ទឹកចិត្ត កីឡាវាមានឈ្នះ មានចាញ់អ៊ីចឹងហើយ ប៉ុន្តែអ្វីដែលសំខាន់ធ្វើឱ្យបានល្អគឺក្នុងនាមជាម្ចាស់ផ្ទះតំណាងឱ្យ ១៧លាននាក់នៅពីក្រោយខ្នងគឺត្រូវធ្វើឱ្យបានល្អ»។
សម្តេចបានណែនាំឱ្យអត្តពលិកជនមានពិការភាពកម្ពុជាត្រូវខិតខំជាបន្តទៀត។ សម្តេចថ្លែងថា៖ «ទោះបីកម្ពុជាឈរចំណាត់ថ្នាក់លេខប៉ុន្មាន អាហ្នឹងរឿងឈ្នះ រឿងចាញ់ រឿងធំរបស់កម្ពុជាគឺធ្វើម៉េចគឺចាត់តាំងការប្រកួតមួយដែលធានាសាមគ្គីភាពសម្រាប់ប្រជាជនអាស៊ាន ៦០០លាននាក់ជាង ត្រូវថែទាំកីឡាករអាស៊ានឱ្យបានល្អ»។
បើតាមសម្តេចតេជោ កម្ពុជារំពឹងទុកថា អត្តពលិកជនមានពិការភាពកម្ពុជាអាចទទួលបានមេដាយមាសត្រឹម៨ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២។ យ៉ាងណាសម្តេចតេជោបានកោតសរសើរដល់អត្តពលិកបាល់ទាត់ពិការភ្នែកដែលអាចរកបាល់ឃើញ និងស៊ុតចូលទីបានល្អក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២៕
ដោយ ៖ សិលា