ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចពិជ័យសេនា ទៀ បាញ់ សូមអបអរសាទរនិងសូមជូនពរចំពោះឧត្ដមសេនីយ៍ទោ កែ ឡេង ដែលបានវះកាត់ជំងឺឈាមកកក្នុងខួរក្បាលនៅមន្ទីរពេទ្យព្រះកេតុមាលាប្រកបដោយជោគជ័យ

ចែករំលែក៖

ភ្នំពេញ ៖ សូមអបអរសាទរនិងសូមជូនពរចំពោះឧត្ដមសេនីយ៍ទោ កែ ឡេង ដែលបានវះកាត់ជំងឺឈាមកកក្នុងខួរក្បាលនៅមន្ទីរពេទ្យព្រះកេតុមាលាប្រកបដោយជោគជ័យ។ នេះជាប្រសាសន៍របស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣។ 

    សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ ជាតិបានបញ្ជាក់ថា  ឧត្ដមសេនីយ៍ទោ កែ ឡេង គឺជាវីរកីឡាការិនីប៉េតង់ឆ្នើមរបស់កម្ពុជា០១រូប ដណ្តើមបានមេដាយមាសពិភពលោក៤ជំនាន់ជាប់ៗគ្នានៅលើវិញ្ញាសាវាយពិន្ទុកាលពីឆ្នាំ២០១៣-២០១៥-២០១៧-២០១៩ ដែលជាកំណត់ត្រាពិភពលោកមិនទាន់មានកីឡាការិនីអន្តរជាតិណាម្នាក់ធ្វើបានឡើយ។ 

   សម្តេចពិជ័យសេនាបានអរគុណចំពោះក្រុមគ្រូពេទ្យមន្ទីរពេទ្យព្រះកេតុមាលា ដែលជួយសង្គ្រោះឧត្ដមសេនីយ៍ទោ កែ ឡេង ឱ្យរួចផុតពីគ្រោះថ្នាក់។ 

   សូមបញ្ជាក់ថា កាលពីម្សិលមិញថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ លោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ​ យុវជន​ និងកីឡា បាន​អញ្ជើញ​សួរសុខទុក្ខ​ លោក​ស្រី​ កែ​ ឡេង​ ដែល​កំពុង​សម្រាកទទួលការ​​ព្យាបាល​ការវះកាត់​ខួរក្បាល​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា លោកបណ្ឌិតសភាចារ្យ​ សូម​ជូនពរ​ដល់​លោកស្រី​ កែ​ ឡេង​ ម្ចាស់​មេដាយ​មាស​​ប៉េតង់​ពិភពលោក​​ ៤ជំនាន់​​ ទទួល​ជោគជ័យ​ក្នុង​ការ​វះកាត់​ និងឆាប់​ជាសះស្បើយ​ពី​ជំងឺ​ ៕

ដោយ ៖ សិលា


ចែករំលែក៖