ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងខណ្ឌឫស្សីកែវបង្រ្កាបក្មេងទំនើងបង្ហោះម៉ូតូលើផ្លូវសាធារណៈ

ចែករំលែក៖

    ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍រដ្ឋបាលសហការជាមួយផ្នែកជំនាញបានធ្វើការល្បាតក្នុងមូលដ្ឋានដើម្បីបង្ការបង្ក្រាបបទល្មើសក៏ដូចទប់ស្កាត់ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ហើយក៏ប្រទះឃើញក្មេងទំនើងចំនួន៨នាក់ជិះម៉ូតូ៤គ្រឿងក្នុងមួយគ្រឿងមានគ្នា២នាក់ម៉ាកហុងដាស្គូពី ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ១IH-៩៧៧១ ( ពាក់ព័ន្ធនឹងការបង្ហោះម៉ូតូ ) ដោយនាំយកមកប៉ុស្តិ៍ដើម្បីសាកសួរពីហេតុការណ៍ដែលកើតឡើង កាលពីវេលាម៉ោង៥និង០០នាទីល្ងាចថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣នៅតាមបណ្ដោយផ្លូវលេខ១០០៣ សង្កាត់ ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

    លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវបានប្រាប់ថា យោងតាមការណែនាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងតាមមូលដ្ឋានផ្នែកជំនាញនិងប៉ុស្តិ៍រដ្ឋបាលបានធ្វើការល្បាត ហើយជាក់ស្ដែងនៅល្ងាចនេះប៉ុស្តិ៍រដ្ឋបាលសហការជាមួយផ្នែកជំនាញខណ្ឌរួមទាំងប្រជាការពារសាលាសង្កាត់ដើម្បីល្បាតពួនស្ទាក់ក្នុងមូលដ្ឋានបង្ការនិងទប់ស្កាត់បទល្មើសផ្សេងៗ ជាពិសេសក្មេងទំនើងដែលបានបង្ហោះម៉ូតូតាមដងផ្លូវប៉ះពាល់ផ្លូវសាធារណៈនិងអាចមានគ្រោះថ្នាក់ជាយថាហេតុណាមួយចំពោះប្រជាពលរដ្ឋ។ លុះកម្លាំងផ្នែកជំនាញបានប្រទះឃើញក្មេងទំនើងមានចំនួន៨នាក់ម៉ូតូ៤គ្រឿង តែម៉ូតូ១គ្រឿងជិះគ្នា២នាក់កំពុងតែបង្ហោះម៉ូតូម៉ាកស្គូពី និងចំនួនម៉ូតូ៣គ្រឿងទៀតមិនបានបង្ហោះទេគ្រាន់តែជិះតាមក្រោយ រួចកម្លាំងសមត្ថកិច្ចយើងក៏បានធ្វើការដេញតាមឃាត់យុវជន២នាក់ដែលបង្ហោះម៉ូតូបានភ្លាមៗ ចំណែកមិត្តភក្តិចំនួន៦នាក់ម៉ូតូ៣គ្រឿងបានរត់គេចបាត់អស់ណាមួយមិនពាក់ព័ន្ធករណីបង្ហោះម៉ូតូទេនិងបាននាំយុវជន២នាក់មកប៉ុស្តិ៍ដើម្បីសួរនាំ ។

   លោកអធិការខណ្ឌបន្តថា ក្រោយពីប៉ុស្តិ៍រដ្ឋបាលស្វាយប៉ាកសាកសួរនាំ ក្មេងទំនើងទាំង២នាក់នៅចំពោះមុខសមត្ថកិច្ចបានឆ្លើយសារភាពថា ខ្លួនពិតជាបានជិះម៉ូតូបង្ហោះពិតមែននិងទទួលកំហុសសុំទោសមហាជននិងសមត្ថកិច្ចដោយសូមសន្យាមិនអោយមានលើកទី២ទៀតទេ ប្រសិនបើមានលើកទី២អោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ចុះ។ ក្រោយមកសមត្ថកិច្ចយើងបានទាក់ទងទៅគ្រួសារឪពុកម្ដាយក្មេងប្រុសទាំង២នាក់អោយមកធ្វើលិខិតធានានិងស្ដាប់ចម្លើយកូនប្រុសពីកំហុសជិះម៉ូតូបង្ហោះលើផ្លូវសាធារណៈ រួចហើយអោយក្មេងប្រុសទាំង២ទទួលពិន័យគឺដោះកង់ម៉ូតូខាងមុខ រួចឱ្យទាំង២នាក់លើកកង់មុខនិងនិយាយស្រែកអោយខ្លាំងៗថា សូមបងៗឬប្អូនកុំយកគំរូតាមខ្ញុំ ខ្ញុំទាំង២នាក់សូមឈប់បង្ហោះម៉ូតូទៀតហើយ!ចុងក្រោយគ្រួសារឪពុកម្ដាយក្មេងប្រុសទាំង២នាក់សូមអរគុណដល់សមត្ថកិច្ចដែលបានលើកលែងអោយកូនប្រុសគាត់និងយកទៅវិញរឹតបន្តឹងបន្ថែមទៀតមិនអោយមានលើកទី២ទេ  សូមជូនពរសមត្ថកិច្ចនិងថ្នាក់ដឹកនាំអោយមានសុខភាពល្អទាំងអស់គ្នា៕

ដោយ៖ ជីណា


ចែករំលែក៖