សារព័ត៌មាន AFP នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ បានផ្សាយថានាថ្ងៃពុធនេះមហាសេដ្ឋីចិនមួយរូប បានចូលរួមជាមួយយុវជនចិនរាប់លាននាក់ក្នុងការប្រឡងចូលមហាវិទ្យាល័យដ៏លំបាក ហៅថា ហ្កៅកៅ (Gaokao) របស់ប្រទេសចិន ខណៈដែលវាជាលើកទី២៧ហើយសម្រាប់រូបលោក។
លោក លាំង ស៉ី (Liang Shi) ដែលបច្ចុប្បន្នមានវ័យ៥៦ឆ្នាំ មានប្រវត្តិធ្លាប់ធ្វើការងារតូចតាចនៅតាមរោងចក្រ រហូតដល់បង្កើតអាជីវកម្មជោគជ័យផ្ទាល់ខ្លួន និងក្លាយជាមហាសេដ្ឋី ប៉ុន្តែរូបលោកនៅរក្សាក្តីសុបិនមួយជាប់ជានិច្ច នោះគឺការទទួលបានពិន្ទុខ្ពស់គ្រប់គ្រាន់ក្នុងការប្រឡង ហ្កៅកៅ ដើម្បីអាចចូលសិក្សានៅសាកលវិទ្យាល័យលំដាប់កំពូល Sichuan University។ សិស្សវិទ្យាល័យចិនជិត១៣លាននាក់ បានចូលរួមការប្រឡងក្នុងឆ្នាំនេះ។ មហាសេដ្ឋីចិនរូបនេះបាននិយាយថា លោកពិតជាចង់ចូលរៀននៅសាកលវិទ្យាល័យ ហើយក្លាយជាអ្នកមានចំណេះដឹងជ្រៅជ្រះម្នាក់ណាស់។
អំឡុង៤ទសវត្សរ៍មកនេះ លោក លាំង ធ្លាប់បានព្យាយាមប្រឡងចូលមហាវិទ្យាល័យសរុប២៦លើកហើយ តែទទួលបរាជ័យរហូត។ លោក លាំង ស៉ី បានចូលរួមការប្រឡងជាលើកដំបូងកាលពីឆ្នាំ១៩៨៣ នៅពេលលោកមានអាយុត្រឹម១៦ឆ្នាំប៉ុណ្ណោះ។ សម្រាប់រយៈពេលមួយទសវត្សរ៍បន្ទាប់ លោកបានបន្តព្យាយាមខិតខំបង្កើនពិន្ទុរបស់លោក ប៉ុន្តែត្រូវបោះបង់ចោលនៅឆ្នាំ១៩៩២ ដ្បិតពេលនោះ ការប្រឡង ហ្កៅកៅ ត្រូវបានរឹតត្បិតដោយអនុញ្ញាតឱ្យតែអ្នកនៅលីវ និងមានអាយុក្រោម២៥ឆ្នាំ ចូលរួមប៉ុណ្ណោះ។
នៅពេលមានការរឹតត្បិត ត្រូវបានដកចេញកាលពីឆ្នាំ២០០១ លោក លាំង ក៏បានបន្តការព្យាយាមឡើងវិញ ដោយចាប់តាំងពីពេលនោះមក លោកបានចូលប្រឡង១៦លើកទៀត។ ចាប់តាំងពីឆ្នាំ២០១០ លោកបានចូលរួមប្រឡងរៀងរាល់ឆ្នាំ សូម្បីតែនៅពេលមានវិធានការរឹតត្បិតកូវីដ-១៩ បានបង្កផលលំបាកជាងធម្មតាចំពោះការប្រឡងក៏ដោយ។ សម្រាប់យុវជនចិនទូទៅ ដែលទើបបញ្ចប់ការសិក្សា ការទទួលបានលទ្ធផលល្អក្នុងការប្រឡង ហ្កៅកៅ គឺអាចកំណត់គោលដៅនៃឆាកជីវិតរបស់ពួកគេបាន ព្រោះបរិញ្ញាបត្រពីសាកលវិទ្យាល័យល្បីឈ្មោះ អាចផ្តល់ឱ្យពួកគេនូវការគោរព ឋានៈ និងឱកាសការងារល្អប្រសើរ៕ ដោយ៖ ធីរីណា
រូបថត ៖ Getty