ព័ត៌មានទាន់ហេតុការណ៍៖

សេចក្ដីថ្លែងការណ៍របស់អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ៖ កិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី២០ នៅកោះបាលី ពុំទាន់សម្រេចរឿងធ្វើសមយុទ្ធយោធារួមរបស់អាស៊ានឡើយ

ចែករំលែក៖

ភ្នំពេញ៖ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីថ្លែងការណ៍បញ្ជាក់ថា កិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ាន លើកទី២០ នៅកោះបាលី ពុំបាននិយាយអំពីការធ្វើសមយុទ្ធយោធារួមរបស់អាស៊ាន នៅសមុទ្រចិនខាងត្បូងនោះទេ។

សេចក្ដីថ្លែងការណ៍នេះ ធ្វើឡើងក្រោយឥណ្ឌូណេស៉ី បានប្រកាសថា អាស៊ាននឹងរៀបចំធ្វើសមយុទ្ធយោធារួមដំបូងបំផុតរបស់ខ្លួន នៅឯតំបន់សមុទ្រចិនខាងត្បូង។

ក្នុងសេចក្ដីថ្លែងការណ៍របស់ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានរៀបរាប់ថា លទ្ធផលនៃកិច្ចប្រជុំអគ្គមេបញ្ចាការកងទ័ពអាស៊ានលើកទី២០ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ដែលសម្រេចបាននូវសេចក្ដីថ្លែងការណ៍រួមមួយ។ ក្នុងសេចក្តីថ្លែងការណ៍រួមនេះ ពុំបាននិយាយអំពីការធ្វើសមយុទ្ធយោធារួមរបស់អាស៊ាននៅសមុទ្រចិនខាងត្បូងនោះទេ។

ក្រោយពេលបញ្ចប់កិច្ចប្រជុំ អគ្គមេបញ្ជាការកងទ័ពឥណ្ឌូនេស៊ីដែលជាប្រធានកិច្ចប្រជុំប្តូរវេន បានលើកឡើងអំពីគោលគំនិតរបស់អគ្គមេបញ្ជាការកងទ័ពឥណ្ឌូនេស៊ី ដើម្បីធ្វើសមយុទ្ធយោធារួមនៅសមុទ្រចិនខាងត្បូង ហើយបានសុំយោបល់ពីអគ្គមេបញ្ជាការកងទ័ពទាំង៩ប្រទេស ក្នុងនោះអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ រួមទាំងអគ្គមេបញ្ជាការនៃប្រទេសជាច្រើនទៀត មិនបានឆ្លើយតបទ។

ក្នុងកិច្ចប្រជុំទ្វេភាគី អគ្គមេបញ្ជាការកងទ័ពឥណ្ឌូនេស៊ីបានស្នើសុំយោបល់ពីអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទម្តងទៀត ក្នុងនោះអគ្គមេបញ្ញាការនៃកងយោធពលខេមរភូមិន្ទ បានឆ្លើយតបពីរចំណុចគឺ៖

*ទី១៖ នៅពេលទទួលបានលិខិតអញ្ជើញរបស់អគ្គមេបញ្ជាការកងទ័ពឥណ្ឌូនេស៊ី យើងនឹងចាត់តាំងក្រុមការងារដើម្បីសិក្សាអំពីសមយុទ្ធយោធារួមនោះ។

*ទី២៖ ក្រោយពេលសិក្សាចប់ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នឹងស្នើសុំគោលការណ៍សម្រេចពីក្រសួងការពារជាតិកម្ពុជា៕

ខាងក្រោមនេះ ជាសេចក្ដីថ្លែងការណ៍របស់អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ៖

ដោយ៖ សិលា


ចែករំលែក៖