ខេត្តបន្ទាយមានជ័យ៖ យុវតី៣នាក់ចេញពីសិក្សាជិះម៉ូតូទាក់ដៃចង្កូតរថយន្តឡិចស៊ីសRX300ដួលចូលរថយន្តនីស្សាន់ណាវ៉ារ៉ាកិនស្លាប់ម្នាក់ក្រោយបញ្ជូនដល់មន្ទីរពេទ្យនិងរងរបួស២នាក់នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣តាមបណ្តោយផ្លូវជាតិលេខ៥ស្ថិតក្នុងភូមិ-សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។
នគរបាលប្រាប់ឱ្យដឹងថា៖ មុនពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានយុវតី៣នាក់ជាសិស្សសាលាបានជិះម៉ូតូZomerXតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីកើតទៅលិចហើយបានទាក់ដៃចង្កូតជាមួយរថយន្តឡិចស៊ីសRX300ដែលបើកបរស្របទិសគ្នាបណ្តាលដួលត្រូវរថយន្តម៉ាកនីស្សាន់ណាវ៉ារ៉ាបើកបរស្របទិសគ្នាបានកិនយុវតីម្នាក់ចំក្បាលបណ្តាលរបួសធ្ងន់ម្នាក់និងពីរនាក់ទៀតរងរបួសស្រាលត្រូវបានសង្គ្រោះ។
ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងគេឃើញមានមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យបានមកដល់ហៅរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណទទួលយកជនរងគ្រោះម្នាក់ដែលរបួសធ្ងន់ហូរឈាមតាមមាត់និងត្រចៀកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបុរី។ តែក្រោយមកទទួលព័ត៌មានថាជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។ចំណែករថយន្តបង្កម៉ាកឡិចស៊ីសRX៣០០ក្រោយកើតហេតុបានបើករត់គេចបាត់។
មន្ត្រីនគរបាលចរាចរណ៍បានបញ្ជាក់ថា៖ ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងកម្លាំងជំនាញបានធ្វើការវាស់វែង ហើយយករថយន្តដែលបង្កម៉ាកនីស្សាន់ណាវ៉ារ៉ានិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តដើម្បីអនុវត្តតាមច្បាប់៕
ដោយ ៖ វណ្ណា