ខេត្តកំពង់ឆ្នាំង៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានថ្លែងប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីសរុបចំនួន ១៨០៥៧នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១១ នៅស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន មានដូចខាងក្រោម៖
សម្តេចតេជោ ហ៊ុន សែន ថ្លែងទៅកាន់កម្មករ-កម្មការិនីជិត ២ម៉ឺននាក់នាព្រឹកនេះ នៅខេត្តកំពង់ឆ្នាំងថា កូវីដ-១៩ ប្រាកដជាមិនអាចធ្វើអ្វីយើងបានទេ ប្រសិនបើយើងចេះអនុវត្តវិធានការការពារខ្លួន និងបានចាក់វ៉ាក់សាំងទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។
សម្តេចតេជោ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ និងឪពុកម្ដាយកម្មករ-កម្មការិនីទាំងអស់ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សាសន្ដិភាពកម្ពុជា និងចូលរួមលុបបំបាត់សង្គ្រាមចេញពីប្រទេសកម្ពុជា ធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃ។
សម្តេចតេជោ បានណែនាំដល់អភិបាលខេត្តកំពង់ឆ្នាំង និងផ្នែកសុខាភិបាលពាក់ព័ន្ធយកចិត្តទុកដាក់ពិនិត្យតាមដានចំពោះសុខភាពស្រ្ដីជាកម្មការិនីម្នាក់ នៅខេត្តកំពង់ឆ្នាំង ដែលបានសម្រាលកូនភ្លោះកាលពីថ្ងៃទី៨ ខែមិថុនាម្សិលម៉ិញនេះ ខណៈការសម្រាលកូនមិនទាន់គ្រប់ខែហើយបានបញ្ចូនទៅចិញ្ចឹមក្នុងកែវ នៅរាជធានីភ្នំពេញ។សម្ដេចតេជោ ក៏បានឧបត្ថម្ភថវិកាចំនួន ៥ លានរៀលដល់ក្រុមគ្រួសារស្រ្ដីសម្រាលកូនភ្លោះនេះផងដែរ។
សម្តេចតេជោ ថ្លែងបន្តបញ្ជាក់ពីតម្លៃនៃសន្ដិភាពៗ គឺពិតជាលំបាកក្នុងការស្វែងរកខ្លាំងណាស់សម្រាប់ប្រទេសនីមួយៗនៅលើភិភពលោក ខណៈបច្ចុប្បន្នប្រទេសមួយចំនួន កំពុងរងគ្រោះព្រោះសង្គ្រាមបង្ហូឈាម ប្រជាពលរដ្ឋស្លាប់ ចំណាកស្រុក កុមារកំព្រាជាច្រើនកំពុងរងទុក ហើយហេដ្ឋារចនាសម្ព័ន្ធនានាដែលខិតខំកសាងក៏ត្រូវបានបំផ្លាញអស់។
សម្តេចតេជោ បានប្រកាសប្តេជ្ញាថា ទោះបីតម្លៃណាក៏ដោយ សម្ដេចត្រូវតែរក្សាសន្ដិភាពរបស់ប្រទេសកម្ពុជាឱ្យបាន។
សម្តេចតេជោ ថ្លែងថា គោលនយោបាយសោធននិវត្តន៍សម្រាប់កម្មករនិយោជិត គឺបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ ដែលនេះគឺជាគោលនយោបាយរយៈពេលវែងរបស់រាជរដ្ឋាភិបាល សម្រាប់ជួយដល់ប្រជាពលរដ្ឋនៅពេលមានវ័យចាស់ ធ្វើការងារលែងកើត។
សម្តេចតេជោ ថ្លែងស្នើទៅកាន់អ្នកឧកញ៉ា លី ហួរ សហការជាមួយម្ចាស់បុរី និងផ្នែកអចលនទ្រព្យពាក់ព័ន្ធធ្វើការដោះស្រាយចំពោះបញ្ហា ការយឺតយ៉ាវការបង់ប្រាក់សម្រាប់ការបង់រំលស់ផ្ទះរបស់ប្រជាពលរដ្ឋឡើងវិញ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចបន្តបង់រំលស់ផ្ទះទៀតបាន ហើយមិនត្រូវបានរឹបអូសផ្ទះ។
សម្តេចតេជោ ប្រកាសណែនាំឱ្យជំនួយការរៀបចំបញ្ជីជូនសម្ដេចពោះបុរីណា ដែលបានរឹបអូសផ្ទះប្រជាពលរដ្ឋ ក្រោយពេលពលរដ្ឋមានការយឺតយ៉ាវ ក្នុងការបង់រំលស់ផ្ទះនាពេលកន្លងទៅ ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហានេះ។ ជាមួយគ្នានេះសម្ដេច ក៏បានណែនាំឱ្យរៀបចំឥណទានឡើងវិញ ចំពោះវិធីបង់រំលស់ផ្ទះ របស់ប្រជាពលរដ្ឋ ដោយត្រូវលទ្ធភាពបែបណាឱ្យប្រជាពលរដ្ឋអាចបន្តបង់ប្រាក់រំលស់ផ្ទះបាន។
សម្តេចតេជោ បន្តផ្ដាំទៅកម្មករ-កម្មការិនី និងម្ចាស់រោងចក្រទាំងអស់ត្រូវរួមគ្នា រក្សាសន្តិភាព និងរួមរស់ជាមួយគ្នាប្រកបដោយសុខដុមនីយកម្ម និងចៀសឱ្យឆ្ងាយពីគ្រឿងញៀន។
សម្តេចតេជោ ប្រកាសស្វាគមន៍ក្រុមប្រឆាំងគ្រប់និន្នាការនយោបាយទាំងអស់ ដែលមានបំណងចង់ចូលរួមជីវភាពជាមួយគណបក្សប្រជាជន ដើម្បីរួមកសាងប្រទេសកម្ពុជា។ ប៉ុន្ដែសម្ដេចមិនទទួលតែទណ្ឌិតក្បត់ជាតិ ៣ ជំនាន់១រូបគត់។
សម្តេចតេជោ ថ្លែងថា តាមរយៈជំនួបជាមួយ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មអេមីរ៉ាតអារ៉ាប់រួម និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួមនឹងនាំមកនូវផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ ជាពិសេសការវិនិយោគលើវិស័យកសិកម្ម។
សម្តេចតេជោ ថ្លែងថា ក្រុមប្រឆាំងដែលចាកចេញពីទណ្ឌិតក្បត់ជាតិ៣ជំនាន់ ទាំងនៅកម្ពុជា និងក្រៅប្រទេស ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្ស ប្រជាជនកម្ពុជា កំពុងចូលរួមជាមួយរាជរដ្ឋាភិបាល ធ្វើការងារនានាដើម្បីផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងកម្មករនិយោជិត ខណៈកាលពីមុនពួកគេបានចាញ់បោកទណ្ឌិតក្បត់ជាតិ ៣ជំនាន់ទៅធ្វើសកម្មភាពប្រមូលលុយពីកម្មករទៅឱ្យទណ្ឌិតក្បត់ជាតិដោយឥតប្រយោជន៍។
សម្តេចតេជោ ប្រកាសសុំការយោគយល់ពីសំណាក់ម្ចាស់បុរីដែលលក់បុរី ផ្ដល់ការយោគយល់ចំពោះការលំបាករបស់ប្រជាពលរដ្ឋដែលមានការយឺតយ៉ាវក្នុងការបង់ប្រាក់ និងត្រូវរៀបចំឡើងវិញចំពោះការបង់រំលស់ផ្ទះនេះ។
សម្ដេចតេជោ ថ្លែងថា បច្ចុប្បន្ននេះ ធនាគារជាតិ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ កំពុងរៀបចំឡើងវិញលើគណនេយ្យរាប់សែនលើការបង់រំលស់ផ្ទះនេះ ដោយអូសបន្លាយរយៈពេលសម្រាប់ការបង់រំលស់ផ្ទះនេះ៕
ដោយ៖ ស តារា