ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ៩រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង៨ព្រឹកនៅវិមានព្រឹទ្ធសភាគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដោយមានរបៀបវារៈ៖
១. ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទនិងបរិស្ថាននៃព្រឹទ្ធសភាសុំដាក់សេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិទៅក្នុងរបៀបវារៈ សម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤។
២. ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេវាកម្មអាស៊ានទៅក្នុងរបៀបវារៈ សម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤។
៣. កំណត់របៀបវារៈនិងកាលបរិច្ឆេទបន្តសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤។
បន្ទាប់ពីបានស្តាប់របាយការណ៍ស្តីពីការពិនិត្យសិក្សាលើសេចក្តីព្រាងក្រម និងច្បាប់ខាងលើ របស់គណៈកម្មការជំនាញពាក់ព័ន្ធនិងស្តាប់មតិផ្តល់យោបល់របស់សមាជិកអង្គប្រជុំរួចមកអង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាក៏បានអនុម័តយល់ព្រមតាមសំណើរបស់គណៈកម្មការដែលជាវិស័យសមត្ថកិច្ច ដាក់សេចក្តីព្រាងក្រម និងច្បាប់ទាំង២ខាងលើទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី១០ ព្រឹទ្ធសភា នីតិកាលទី៤ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃអង្គារ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៣វេលាម៉ោង ៨:០០នាទីព្រឹក …៕
ដោយ៖ សូរិយា