ព័ត៌មានទាន់ហេតុការណ៍៖

សិក្ខាសាលាស្ដីពីការផ្សព្វផ្សាយរបាយការណ៍ជាតិស្ដីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ (ICCPR)

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃចន្ត ៩រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមបើកក្នុងសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយរបាយការណ៍ជាតិស្ដីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ (ICCPR) ក្រោមអធិបតីភាព លោក កែវ រ៉េមី រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលពិធីនេះរៀបចំឡើងនៅឯសាលប្រជុំអគារE សាលាខេត្តបាត់ដំបង ។ 

លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍លើកឡើងថា សម្រាប់ខេត្តបាត់ដំបង បានខិតខំបំពេញតួនាទីរបស់ខ្លួនយ៉ាងសកម្ម ដើម្បីចូលរួមថែរក្សាសន្ដិភាព សន្ដិសុខ សុវត្ថិភាពសង្គម និងការអភិវឌ្ឍនៅតាមមូលដ្ឋានជូនប្រជាពលរដ្ឋ ដើម្បីជាការចូលរួមការពារ និងលើកកម្ពស់សិទ្ធិសេរីភាពរបស់មនុស្ស ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈការបង្កើតការងារ ការវិនិយោគ បាននាំមកនូវសក្ដានុពលដ៏ធំធេងសម្រាប់ប្រជាពលរដ្ឋ និងសង្គមជាតិ ព្រមទាំងយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងលើកទឹកចិត្តឱ្យមានការចូលរួមបន្ថែមទៀត ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដើម្បីឱ្យគាត់បានស្វែងយល់ពីសិទ្ធិ និងការប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួនស្របតាមច្បាប់ជាធរមាន ។ ឯកឧត្តម បានបន្តទៀតថា បច្ចុប្បន្ន សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋត្រូវបានការពារ និងគោរព ដោយប្រជាពលរដ្ឋមានសិទ្ធិពេញលេញក្នុងការប្រកបរបរចិញ្ចឹមជីវិត សិទ្ធិទទួលបានការអប់រំ សិទ្ធិនយោបាយ សិទ្ធិបញ្ចេញមតិ សិទ្ធិស្រ្ដី កុមារ និងជនមានពិការភាព សេរីភាពក្នុងជំនឿសាសនាជាដើម ហើយទន្ទឹមនឹងនោះ ការធានាបាននូវសន្ដិភាព គឺជាកត្តាសំខាន់ចម្បងបំផុតដែលនាំមកជូនប្រជាពលរដ្ឋកម្ពុជានូវលទ្ធិប្រជាធិបតេយ្យ នីរតិរដ្ឋ ការអភិវឌ្ឍ និងការគោរពសិទ្ធិមនុស្ស ។ 

លោកបានបន្តទៀតថា សម្រាប់ពិធីផ្សព្វផ្សាយនាពេលនេះ គឺសង្ឃឹមថានឹងពង្រឹងចំណេះដឹងបន្ថែមទៀតដល់មន្រ្ដីរាជការ ប្រជាពលរដ្ឋ អំពីសិទ្ធិរបស់ខ្លួនឱ្យកាន់តែច្បាស់ ហើយការគោរពសិទ្ធិមនុស្សកាន់តែល្អប្រសើរ ដើម្បីសុខសន្ដិភាព សុវត្ថិភាព ឈានទៅរកការអភិវឌ្ឍសេដ្ឋកិច្ចជាបន្តបន្ទាប់ទៀត ៕

ដោយ ៖ សហការី


ចែករំលែក៖