ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង ត្រង់ចំណុចផ្លូវហាយវ៉េ ផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៥៧ បណ្ដាលឱ្យមនុស្សរងរបួសជាច្រើននាក់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី ១២ មិថុនា២០២៣ ស្ថិតចំណុចភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយករណីបានកើតឡើងដោយរថយន្តពីរគ្រឿងបានបុកគ្នា ពេលកំពុងព្យាយាមបើកឆ្លងកាត់ផ្លូវបែកជា៤ហើយរថយន្ត១គ្រឿងក៏ជ្រុលហោះឡើងលើចិញ្ចើមថ្នល់ បន្ទាប់ពីបុកអ្នកជិះម៉ូតូ៣ គ្រឿង ដែលកំពុងឈប់រង់ចាំឆ្លងថ្នល់ ធ្វើឲ្យរបួសមនុស្ស ជាច្រើននាក់ ។

រថយន្ត១គ្រឿងម៉ាក TOYOTA  RALLY ពណ៌ស ពាក់ស្លាកលេខឧ.មានជ័យ 2C-9898 បើកបរដោយមន្ត្រីពេទ្យយោធាធ្វើដំណើរពីទិសខាងត្បូងទៅជើង ។

រីឯរថយន្តម៉ាក  NISSAN ស្លាកលេខភ្នំពេញ 2V-3037 ធ្វើដំណើរទៅខាងលិចទៅកើត (កាត់ទទឹងគ្នា) ។

បើតាមពិនិត្យលើស្លាកស្នាម គេឃើញរថយន្តនីស្សាន់ បានបើកឆ្លងផុតចំណុចកណ្ដាលផ្លូវទៅហើយ  ក៏ត្រូវរថយន្តតូយ៉ូតា ដែលបើកលឿនមិនបន្ថយជើងសោះ បុកពេញទំហឹងចំពីចំហៀងផ្នែកខាងមុខរហូតធ្វើឲ្យរថយន្តនីស្សាន់វិលត្រឡប់បែរមុខទៅក្រោយវិញ ហើយរថយន្ត តូយ៉ូតា ក៏ជ្រុលទៅបុករះម៉ូតូ០៣គ្រឿងទៀតដែលឈប់រង់ចាំឆ្លងថ្នល់ហាយវ៉េ បណ្ដាលឲ្យមនុស្សជាច្រើននាក់រងរបួសធ្ងន់ និងស្រាល ។ 

គេមិនទាន់ស្គាល់ឈ្មោះអ្នកបើកបររថយន្តទាំងពីរភាគីភ្លាមៗទេនៅកន្លែងកើតហេតុ រីឯជនរងគ្រោះដែលជិះម៉ូតូទាំង០៣គ្រឿងនោះ ក៏គេមិនទាន់ស្គាល់ឈ្មោះដែរ តែមន្ត្រីចរាចរណ៍ដែលចុះអន្តរាគមន៍បានប្រាប់ថា ក្នុង ចំណោមជនរងគ្រោះដែលជិះម៉ូតូ មានម្នាក់រងរបួសធ្ងន់។

មន្ត្រីចរាចរណ៍ហាក់ពុំទាន់ធ្វើការសន្និដ្ឋានយ៉ាងណាលើករណីនេះទេ ។ សាក្សីដែលស្ថិតក្នុងហេតុការណ៍ហាក់បានដាក់បន្ទុកទៅលើ ភាគីរថយន្ត តូយ៉ូតា របស់មន្ត្រីពេទ្យយោធា ដែលបើកក្នុងល្បឿនលឿនហូសហេតុ មិនបន្ថយល្បឿនសោះ ពេលដល់ផ្លូវប្រសព្វជា៤ ទើបជ្រុលទៅបុករថយន្តភាគីម្ខាងទៀតដែលបើកឆ្លងថ្នល់ផុតចំណុចកណ្ដាលទៅហើយ ។

មន្ត្រីចរាចរណ៍បាននាំយករថយន្តទាំង០២គ្រឿង និងម៉ូតូ០៣របស់ជនរងគ្រោះទៅកាន់ការិយាល័យជំនាញហើយ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ខណៈជន រងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ៕

ដោយ៖ សូរិយា


ចែករំលែក៖