ភ្នំពេញ ៖ យោងតាម (ប្រភពពី Allkpop និង Koreaboo) : សពស្ត្រីរងគ្រោះជនជាតិកូរ៉េខាងត្បូង ដែលសាកសពត្រូវប្រទះឃើញរុំកន្ទេលផ្លុងចោលនៅចំណុចភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ជា BJ (Broadcasting Jockey) ដ៏ល្បីឈ្មោះមួយរូបលើវេទិកាឡាយស្ទ្រីម (Streaming) របស់ AfreecaTV ។
ទោះជាជនរងគ្រោះ ជាជនជាតិអ្វីក៏ដោយ ខណៈកម្ពុជាមិនប្រកាន់ពូជសាសន៍ គឺសូមចូលរួមរំលែកទុក្ខ និងសោកស្តាយ ចំពោះការបាត់បង់ជីវិតរបស់ BJ ដ៏ល្បីនៅកូរ៉េខាងត្បូងមួយរូបនេះ និងសូមឲ្យវិញ្ញាណក្ខន្ធរបស់នាង បានទៅកាន់សុគតិភព។កុំបីឃ្លានឃ្លានឡើយ។
សាធារណរដ្ឋកូរ៉េខាងត្បូងបានបញ្ជាក់ ថា ៖ យោងតាមបណ្តាញសារព័ត៌មានល្បីរបស់កូរ៉េខាងត្បូងជាច្រើន ដែលក្នុងនោះរួមមានទាំង Allkpop និង Koreaboo បានបង្ហាញអត្តសញ្ញាណនារីរងគ្រោះជនជាតិកូរ៉េខាងត្បូង ដែលសាកសពត្រូវប្រទះឃើញរុំកន្ទេលផ្លុងចោលនៅចំណុចភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ។
ដោយឡែក កាលពីថ្ងៃទី១១ ខែមិថុនា កន្លងទៅថ្មីៗនេះ យោងតាមប្រភពពីសារព័ត៌មានកូរ៉េងខាងត្បូង Allkpop និង Koreaboo បានឱ្យដឹងថា សពត្រូវបានកំណត់អត្តសញ្ញាណដំបូងថា ជាស្ត្រីជនជាតិកូរ៉េវ័យ ៣០ឆ្នាំ ហើយជាលទ្ធផលនៃការស៊ើបអង្កេតរបស់ប៉ូលិសក្នុងតំបន់បានបង្ហាញថា នាងមានឈ្មោះ Ahyeong ដែលជា BJ (Broadcasting Jockey) ដ៏ល្បីឈ្មោះមួយរូបលើវេទិកាឡាយស្ទ្រីម (Streaming) របស់ AfreecaTV ដែលមានអ្នកតាមដានច្រើនជាង ២៥ម៉ឺននាក់លើបណ្តាញសង្គម Instagram ហើយបើតាមសេចក្តីរាយការណ៍ថា នាងមកលេងប្រទេសកម្ពុជាជាមួយអ្នកស្គាល់គ្នាក្នុងគោលបំណងទេសចរណ៍។
ប្រភពពីដដែលបានបន្តថា : ប៉ូលិសបានចាប់ខ្លួនប្តីប្រពន្ធជនជាតិចិន ដោយទី១៖ ឈ្មោះ Lai Wenshao ភេទប្រុស អាយុ៣០ឆ្នាំ ជាប្តី និងទី២៖ ឈ្មោះ Cai Huijuan ភេទ ស្រី អាយុ៣៩ឆ្នាំ ជាប្រពន្ធ ដែលបើកដំណើរការគ្លីនិកព្យាបាលជំងឺ «ប៉ ខាង» ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយត្រូវបានចោទប្រកាន់ថា ជាអ្នកនៅពីក្រោយការយកសពអ្នកជំងឺជនជាតិកូរ៉េគឺ BJ Ahyeong ដែលស្លាប់ក្នុងគ្លីនិកខ្លួនរុំកន្ទេលយកទៅបោះចោល។
តាមការសារភាពរបស់ជនសង្ស័យបានឱ្យដឹងថា ជនរងគ្រោះបានស្លាប់ កាលពីថ្ងៃទី០៤ ខែមិថុនា បន្ទាប់ពីបានចាក់សារ៉ូម ប្រភេទ SHENG LI YAN SHUI អស់ចំនួន២ប្លោក ស្រាប់តែជនរងគ្រោះប្រកាច់ស្លា.ប់នៅក្នុងគ្លីនិកតែម្ដង។ ពាក់ព័ន្ធបញ្ហានេះ ប៉ូលិសកូរ៉េខាងត្បូងបានស្នើសុំការស៊ើបអង្កេតឱ្យបានហ្មត់ចត់ពីអាជ្ញាធរស៊ើបអង្កេតកម្ពុជា ហើយកំពុងស៊ើបអង្កេតអ្នកស្គាល់គ្នា ក៏ដូចជាមន្ត្រីសុខាភិបាល រួមនឹងនីតិវិធីនៃការធ្វើកោសល្យវិច័យ។ ការស៊ើបអង្កេតកំពុងដំណើរការជាមួយនឹងលទ្ធភាពនៃអំពើឃាតកម្ម ។
ថ្វីត្បិតតែជាអ្នកឡាយស្ទ្រីម (Streaming) ដ៏ពេញនិយមនៅប្រទេសកូរ៉េខាងត្បូងក៏ដោយ ប៉ុន្តែកាលពីខែមីនាកន្លងទៅ BJ Ahyeong បានប្រកាសពីការចាកចេញពីអាជីពរបស់នាងតាមរយៈការបង្ហោះនៅលើណ្តាញ Instagram ដោយការបង្ហោះជាសាធារណៈចុងក្រោយរបស់នាងបង្ហាញថា នាងចង់ធ្វើការងារ និងរស់នៅឱ្យបានល្អនៅកូរ៉េខាងត្បូង។
សូមបញ្ជាក់ ថា : ការលើកឡើងខាងលើ យកតាម (ប្រភពពី Allkpop និង Koreaboo) ហើយ ខាងក្រោមនេះជាអត្ថបទពាក់ព័ន្ធ ៖
-ប្រទះឃើញសពស្ត្រីចិនម្នាក់រុំកន្ទេលប្លុងចោលនៅក្នុងបុរី
-ចាប់ខ្លួនម្ចាស់គ្លីនិច ប៉ ខាង ២នាក់ប្តីប្រពន្ធពាក់ព័ន្ធករណីសម្ម្លាប់ស្ត្រីម្នាក់រុំកន្ទេលយកយកសពទៅចោលនៅបុរីកាំងម៉េង។
អង្គភាព នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃបាន បង្ហោះថា : ពីរនាក់ប្ដីប្រពន្ធជនជាតិចិន ម្ចាស់គ្លីនិកព្យាបាលជំងឺ ប៉ ខាង យកសពអ្នកជំងឺជនជាតិកូរ៉េដែលស្លាប់ក្នុងគ្លីនិកខ្លួនរុំកន្ទេល បោះចោលនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល, ជនសង្ស័យត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវចាប់ខ្លួនបាន។
ករណី ប្រទះឃើញសាកសពមនុស្សស្រីរុំកន្ទេល ផ្លុងចោលនៅចំណុចភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ធ្វើការស្រាវជ្រាវ បង្ក្រាបបានហើយ។ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋប្រទះឃើញ សាកសពនារីម្នាក់ មិនស្គាល់អត្តសញ្ញាណ ត្រូវបានគេរុំកន្ទេលយកមកផ្លុងចោលនៅរណ្តៅដីជីកដាក់លូ នៅក្នុងបូរីកាងម៉េង ស្ថិតនៅភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ដោយមានការចង្អុលបង្ហាញពី នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿង អគ្គស្នងការនគរបាលជាតិ, លោក ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាឲ្យបើកការស្រាវជ្រាវ និងបង្ក្រាបដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដោយដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងស្នងការដ្ឋាននគររាជធានីភ្នំពេញ ធ្វេីការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ ដែលជាម្ចាស់គ្លីនិកពិគ្រោះជំងឺ ប៉ ខាង ដូចខាងក្រោម៖
*ទី១៖ ឈ្មោះ LAI WENSHAO ភេទប្រុស អាយុ៣០ឆ្នាំ ជាប្តី
*ទី២៖ ឈ្មោះ CAI HUIJUAN ភេទ ស្រី អាយុ៣៩ឆ្នាំ ជាប្រពន្ធ។ សាកសពជនរងគ្រោះមានឈ្មោះ BYIN A YEON ភេទស្រី ជនជាតិកូរ៉េ។
ជនសង្ស័យទាំងពីរនាក់ប្ដីប្រពន្ធបានសារភាពថា កាលពីថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៧៖៥៤នាទី ជនរងគ្រោះឈ្មោះ BYIN A YEONG ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិកូរ៉េ បានចូលមកសម្រាកព្យាបាលនៅគ្លីនិករបស់ខ្លួនដោយចាក់សារ៉ូម ប្រភេទ SHENG LI YAN SHUI អស់ចំនួន០២ប្លោក ស្រាប់តែធ្វើជនរងគ្រោះប្រកាច់ស្លាប់នៅក្នុងគ្លីនិករបស់ពួកខ្លួនតែម្ដង។
ឃើញដូច្នេះជនសង្ស័យដែលជាម្ចាស់គ្លីនិក ក៏បានរៀបចំយកសាកសពជនរងគ្រោះរុំកន្ទេល ពណ៌ក្រហម នឹងចងខ្សែ ដឹកសពជនរងគ្រោះ តាមមធ្យោបាយរថយន្តម៉ាក Prius ពណ៌ខៀវ ផលិតឆ្នាំ2007 ពាក់ស្លាកលេ ភ្នំពេញ2BR-9717 ចេញពីគ្លីនិករបស់ខ្លួនដែលមានអាស័យដ្ឋាននៅ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ឆ្ពោះទៅព្រែកហូរ ផ្លូវជាតិលេខ២ ចុះតាមខ្លោងទ្វារ បុរី កាំងម៉េង ទៅទម្លាក់ចោលក្បែរមាត់លូ ស្ថិតនៅភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្ដកណ្ដាល។
បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំងពីរនាក់ ខាងលើទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី។
សូមសមត្ថកិច្ចជំនាញ បន្តធ្វើការស៊ើបអង្កេត ស្រាវជ្រាវ រកជនដែលពាក់ព័ន្ធនឹងករណីនេះបន្តទៀត ដើម្បីផ្ដល់យុត្តិធម៌សម្រាប់សពជនរងគ្រោះ និងក្រុមគ្រួសាររបស់គាត់ ៕
ដោយ ៖ សហការី