ព័ត៌មានទាន់ហេតុការណ៍៖

បង្ហាញមុខ​ចោរឆក់ទូរស័ព្ទ​ដៃពីជនជាតិចិន​ ២នាក់ បានសម្រេច​ពេលជនរងគ្រោះកំពុងជិះ​ឡំប្រឺតា​

ចែករំលែក៖

ភ្នំពេញ​៖​ នាយកដ្ឋាននគរបាល​ព្រហ្មទណ្ឌ​ នៃក្រសួងមហាផ្ទៃ​ នៅរសៀល​ថ្ងៃ​ទី​១៣​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ កម្លាំងជំនាញ​នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដេញតាមក្របួចចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់​ ក្រោយពួកគេធ្វេីសកម្មភាពឆក់ទូរស័ព្ទ​ដៃពីជនជាតិចិន កំពុងជិះ​ឡំប្រឺតា​(កង់បីឥណ្ឌា)បានសម្រេច​។ បន្ទាប់ពី​សាកសួរ​បញ្ចប់​នីតិវិធី​ និងបញ្ជូនខ្លួនទៅកាន់​សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​ផងដែរ។ 

ប្រភពដដែលបន្តថា​ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ​ អនុប្រធាននាយកដ្ឋានទទួលផែន កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង២១៖១៥នាទី បានដឹកនាំកម្លាំងជំនាញការិយាល័យ​ព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម​ វ៉ន ជានាយការិយាល័យ ដោយមានការចូលរួមសហការពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង ចុះល្បាតតាមបណ្តោយផ្លូវលេខ៨៤ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក៏ប្រទះឃេីញជន​សង្ស័យជិះម៉ូតូចំនួន០១គ្រឿង មានគ្នាចំនួន​០២នាក់ បានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់ (ជាជនជាតិចិន) ដែលកំពុងជិះកង់បីឥណ្ឌាបានសម្រេច។

ភ្លាមនោះកម្លាំងជំនាញ ការិយាល័យធ្វេីការប្រដេញនឹងឃាត់ខ្លួនជនសង្ស័យបានទាំង០២នាក់ នៅចំណុចផ្លូវលំ ភូមិក្រោលគោ​ សង្កាត់​គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលមានឈ្មោះ៖​ ១.​ ឈ្មោះ​ ផន​ សុផានិត ភេទប្រុស​ អាយុ១៧ឆ្នាំ​ ជនជាតិខ្មែរ(ដៃដល់)​ និង២.​ ឈ្មោះ​ យឿន​ រតនា​ ភេទប្រុស​ អាយុ១៦ឆ្នាំ​ ជនជាតិខ្មែរ(អ្នកបេីក)។ 

ចំណែក​សម្ភារៈ​ដកហូតមាន៖ 

១.ម៉ូតូម៉ាក HONDA-SCOOPY ពណ៌ខ្មៅ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1JO-2976(របស់ជនសង្ស័យ)

២.ទូរស័ព្ទដៃម៉ាក I-PHONE13 Promax ពណ៌ស (ជារបស់ជន​រង​គ្រោះ)។ ចំពោះទូរស័ព្ទដៃកម្លាំងជំនាញការិយាល័យ បានប្រគល់ឲ្យទៅបុរសរងគ្រោះជាជនជាតិចិនវិញ។ 

បច្ចុប្បន្នកម្លាំងជំនាញការិយាល័យ បានបញ្ជូនជនសង្ស័យខាងលេី​ និងម៉ូតូធ្វេីសកម្មភាព​ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការបន្តតាមនីតិវិធី៕

ដោយ​៖ សហការី​


ចែករំលែក៖