ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីថ្លែងការណ៍ព័ត៌មានរបស់ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាគាំទ្រការផ្តួចផ្តើមដ៏មានតម្លៃរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»

ចែករំលែក៖

ភ្នំពេញ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានតាមដានដោយយកចិត្តទុកដាក់ និងមានសុទិដ្ឋិនិយមចំពោះ ស្មារតីជាតិនិយមរបស់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន ដែលចូលរួមយ៉ាងផុសផុលក្លៀវក្លាគាំទ្រដល់គំនិតផ្តួចផ្តើមដ៏មានតម្លៃបំផុតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការស្នើធ្វើវិសោធនកម្មច្បាប់បោះឆ្នោតដើម្បីកែទម្រង់លើចំណុច «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»នេះគឺជាការគិតគូរប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ជាការត្រួសត្រាយអនាគតកម្ពុជាដ៏មានតម្លៃ ជាពិសេសពង្រឹងបាននូវ«ភាពទទួលខុសត្រូវខ្ពស់» របស់ប្រជាពលរដ្ឋនិងអ្នកនយោបាយ ចំពោះជាតិនិងប្រជាជនខ្លួនឯង ដោយត្រូវអនុវត្តតួនាទីរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនរាប់ចាប់តាំងពី «សិទ្ធិបោះឆ្នោត» ដែលជាករណីកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប ចំពោះប្រទេសជាតិ នៅក្នុងសង្គមប្រជាធិបតេយ្យ។ ការកសាងបាននូវមូលដ្ឋាន«ប្រជាធិបតេយ្យចូលរួម» គឺការប្រឹងប្រែងប្រកបដោយភាពប្រាកដនិយម ក្នុងការពង្រឹងឱ្យបាននូវកម្លាំងជាតិ ពង្រីកការចូលរួមរបស់ប្រជាពលរដ្ឋលើគ្រប់ដំណើរជាតិ លុបបំបាត់វប្បធម៌នយោបាយជ្រុលនិយមការបំបែកបំបាក់ ការបន្ទុចបង្អាក់ និង     ជាពិសេស លុបបំបាត់ជំងឺប្រឆាំងជ្រុលនិយមចំពោះផលប្រយោជន៍ជាតិគ្មានទីបញ្ចប់។សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក៏យល់ឃើញដែរថា ការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែនក្នុងការស្នើធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនៅពេលនេះ គឺមានតម្លៃដូចគ្នាទៅនឹងការផ្តួចផ្តើមកន្លងមក ក្នុងការរៀបចំច្បាប់ធម្មនុញ្ញ ស្តីពីការកំណត់ឱ្យមាន«សញ្ជាតិខ្មែរតែមួយ» ចំពោះឥស្សជនជាន់ខ្ពស់ដែលប្រាថ្នាក្លាយជាថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ប្រទេស ដែលច្បាប់នេះក្លាយជាមូលដ្ឋានសម្រាប់កសាងមេដឹកនាំដែលមានភាពស្មោះត្រង់ ជាត្រីវិស័យសម្រាប់សម្រួចនូវភក្តីភាពរបស់អ្នកនយោបាយចំពោះប្រទេសជាតិខ្លួន ហើយលើសពីនេះគឺជាកំផែងការពារនិងបញ្ចៀសបាននូវការជ្រៀតជ្រែករបស់បរទេសមកលើកិច្ចការប្រទេសជាតិផងដែរ។ ជាថ្មីម្តងទៀត ការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែនគឺជាការត្រួសត្រាយផ្លូវសម្រាប់ប្រទេសជាតិ និងមានតម្លៃសម្រាប់អនាគតកម្ពុជាពិតប្រាកដ៕

ដោយ៖ សិលា


ចែករំលែក៖