ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​បុកម៉ូតូនៅត្រង់ផ្លូវបំបែកជាបួនបណ្តាលឱ្យបុរស២នាក់រងរបួស

ចែករំលែក៖

ភ្នំពេញ៖ រថយន្ត​ម៉ាកLAND ROVER DEFENER មួយគ្រឿងបេីកលឿនមិនប្រយ័ត្ន​ជ្រុលទៅបុក​និង​កិន​អូស​ម៉ូតូ​ពី​ក្រោម​បណ្ដាល​ឱ្យបុរស២នាក់​រងរបួស​។ 

​  ហេតុការណ៍​នេះ​បាន​កេីត​ឡើង​នៅ​វេលា​ម៉ោង​១០និង​៥០នាទីយប់​ ថ្ងៃ​ទី​១៣​ ខែ​មិថុនា​ ឆ្នាំ​២០២៣​ ជិត​មន្ទីរពេទ្យ​របេង​ ផ្លូវ​លេខ១០៥​ កែង​ផ្លូវ​លេខ២៨៨​ ក្នុងសង្កាត់​បឹង​កេងកង​ទី​២​ ខណ្ឌ​បឹង​កេង​កង​។ 

​  តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បានអោយ​ដឹង​ថា​ មុន​ពេល​កេីតហេតុ​គេឃើញបុរស​២នាក់​បានជិះ​ម៉ូតូ​ហុងដា​ឌ្រីម​ ស៊េរី​ឆ្នាំ​២០១៤ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1CC-6438 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ១០៥ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ លុះ​មកដល់​ចំណុច​កេីត​ដែល​ជា​ផ្លូវ​បំបែក​ជាបួន​ក៏ស្រាប់​តែ​មានស្ត្រី​ម្នាក់​​ ​ បានបេីក​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​ LAND ROVER DEFENDER ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ​ នគរបាល​ 2.7869 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លខ២៨៨ក្នុង​ទិសដៅ​ពី​លិច​ទៅ​កេីត​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ក៏ជ្រុល​ទៅ​បុក​និង​កិនអូស​ម៉ូតូ​ពីក្រោម​រថយន្ត​ ប្រហែល​៥ម៉ែត្រ​ រងការ​ខូចខាត​ជាខ្លាំង។ 

ក្នុង​ហេតុការណ៍​នេះ​ដែរ​ក៏មាន​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កេីតហេតុ​និង​បាន​ឱ្យ​ភាគី​ទាំង​សងខាង​សម្របសម្រួលគ្នា ដោយ​ខាង​ម៉ូតូ​ទាមទារ​សំណង​ថ្លៃ​ការ​ជួសជុល​និង​ព្យាបាល​របួស​ចំនួន​៣០០០ដុល្លារ​។ 

​    ក្រោយ​ពេល​កេីតហេតុ​ ដោយសារ​តែ​មាន​ការ​​សម្របសម្រួល​ពី​សមត្ថកិច្ច​ ភាគី​ទាំង​សងខាង​បាន​បញ្ចប់​រឿង​ ដោយ​ខាង​រថយន្ត​សង​សំណង​ទៅ​ខាង​ម៉ូតូ​ចំនួន​១៥០០ដុល្លារ​ ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖