ព័ត៌មានទាន់ហេតុការណ៍៖

“រួមគ្នាផ្តល់ឈាម ផ្ដល់ប្លាស្មា យើងអាចធ្វើបានជាច្រើនលើក ដើម្បីជួយជីវិតមនុស្ស”

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាពិភពលោក នៃអ្នកបរិច្ចាគឈាម ១៤ មិថុនា​ ក្រោមប្រធានបទ “រួមគ្នាផ្តល់ឈាម ផ្ដល់ប្លាស្មា យើងអាចធ្វើបានជាច្រើនលើក ដើម្បីជួយជីវិតមនុស្ស”។

ក្នុងឱកាសនោះ​ដែរ​ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជន យុវនារីជាទីស្រឡាញ់ សូមចូលរួមបរិច្ចាគឈាមជួយសង្គ្រោះជីវិតអ្នកជំងឺ ដែលកំពុងត្រូវការឈាមចាំបាច់បំផុតនៅក្នុងប្រទេស។ ការចូលរួមបរិច្ចាគឈាម គឺជាសកម្មភាពដ៏ល្អប្រពៃដែលប្រជាជនទូទៅ ពិសេសយុវជន យុវនារី ត្រូវចូលរួមផ្ដល់ឈាមស្ម័គ្រចិត្តឲ្យបានច្រើន ដើម្បីជួយសង្គ្រោះជនរងគ្រោះទាំងឡាយ ដែលត្រូវការឈាម។

លោកសាស្រ្តាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះសប្បុរសជនទាំងអស់ ដែលស្ម័គ្រចិត្ដបរិច្ចាគឈាម ជួយជីវិតមនុស្ស និងបានបន្តអំពាវនាវចូលរួមធ្វើអំពើល្អឲ្យកាន់តែច្រើនបន្ថែមទៀត ដើម្បីសង្គមជាតិរបស់យើង៕

ដោយ ៖ សហការី


ចែករំលែក៖