ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា សត្វត្មាតចំនួន ១៣១ក្បាលត្រូវបានកត់ត្រា នៅក្នុងតំបន់អភិរក្សចំនួន ៣ នៅក្នុងប្រទេសកម្ពុជា។
យោងតាមលទ្ធផលជំរឿនសត្វត្មាតកាលពីថ្ងៃទី៩ ខែ មិថុនា ឆ្នាំ២០២៣ កន្លងទៅ សត្វត្មាតចំនួន ១៣១ ក្បាលត្រូវបានកត់ត្រានៅក្នុងតំបន់អភិរក្សចំនួន ៣ នៅក្នុងប្រទេសកម្ពុជា។ ចំនួននេះប្រហាក់ប្រហែលនឹងលទ្ធផលជំរឿនក្នុងពេលវេលាដូចគ្នាកាលពីឆ្នាំ២០២២ កន្លងទៅ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងឱ្យដឹងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះថា ក្រុមអភិរក្សសត្វត្មាតកម្ពុជាបានរៀបចំជំរឿនសត្វត្មាតប្រចាំឆ្នាំ ដើម្បីរាប់ចំនួនសត្វត្មាតនៅក្នុងជម្រកធម្មជាតិក្នុងទិសដៅក្តាប់ឱ្យជាប់ចំនួនសត្វត្មាតដែលជាប្រភេទ សត្វកម្រជិតផុតពូជ និងដាក់ចុះវិធានការចាំបាច់នានាដើម្បីការពារនិងថែរក្សាសត្វត្មាតនេះឱ្យបានគងវង្សយូរអង្វែងតទៅមុខទៀត។
បើតាមការឱ្យដឹងរបស់រដ្ឋលេខាធិការក្រសួងបរិស្ថាន, ជំរឿនសត្វត្មាតកាលពីថ្ងៃទី៩ ខែមិថុនា គឺជាជំរឿនលើកទី២ ក្នុងចំណោមការងារជំរឿនសត្វត្មាត ៥ ដងក្នុងមួយឆ្នាំដែលក្រុមអភិរក្សសត្វត្មាតកម្ពុជារៀបចំឡើង។
បើតាមការឱ្យដឹងរបស់លោក នេត្រ ភក្ត្រា ក្នុងចំណោមសត្វត្មាតដែលបានរាប់កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០២៣ ទាំង ១៣១ ក្បាលនោះរួមមានត្មាតភ្លើងចំនួន ១២ក្បាល, ត្មាតផេះ ៧៧ ក្បាល និងត្មាតត្មោតចំនួន ៤២ ក្បាល។ ជំរឿនសត្វត្មាតនេះធ្វើឡើងនៅក្នុងតំបន់អភិរក្សចំនួន ៣ រួមមានដែនជម្រកសត្វព្រៃសៀមប៉ាងខេត្តស្ទឹងត្រែងមានចំនួន ៩៣ ក្បាល (ត្មាតត្នោតចំនួន ៣១ ក្បាល, ត្មាតផេះចំនួន ៥៦ ក្បាល, ត្មាតភ្លើងចំនួន ៦ក្បាល), ដែនជម្រកសត្វព្រៃឆែបក្នុងខេត្តព្រះវិហារ មានសត្វត្មាតចំនួន ៣១ ក្បាល (ត្មាតផេះចំនួន ១៦ ក្បាល, ត្មាតត្នោតចំនួន ១១ ក្បាល និងត្មាតភ្លើងចំនួន ៤ ក្បាល) និងក្នុងព្រៃទឹកលិចទន្លេមេគង្គក្នុងខេត្តក្រចេះមានចំនួន ៧ ក្បាល (ត្មាតផេះចំនួន ៥ ក្បាល និងត្មាតភ្លើងចំនួន ២ ក្បាល)។
កញ្ញា នី ណៃគី មន្ត្រីជំនាញផ្នែកអភិរក្សសត្វត្មាតនៃអង្គការជីវិតធម្មជាតិនៅកម្ពុជា បានថ្លែងថា ការធ្វើជំរឿនសត្វត្មាតកាលពីខែមីនា កន្លងទៅបានបង្ហាញថា សត្វត្មាតមានចំនួនប្រមាណ ១០៥ក្បាល ដែលជាតួលេខល្អប្រសើរមួយដែលបង្ហាញថា ការអភិរក្សសត្វត្មាតនៅកម្ពុជាបង្ហាញសញ្ញាណវិជ្ជមានឡើងវិញ។
បើតាមកញ្ញា នី ណៃគី, ជំរឿនសត្វត្មាតដោយក្រុមអភិរក្សសត្វត្មាតកម្ពុជាដែលនឹងធ្វើបន្ទាប់ គឺធ្វើឡើងលើកទី៣ នៅអំឡុងខែមិថុនា នេះ និងលើកទី៤ នាខែកញ្ញា និងលើកទី៥ នាខែធ្នូ ឆ្នាំ ២០២៣ មុននឹងធ្វើការបូកសរុបនិងសន្និដ្ឋានថាតើសត្វត្មាតមានចំនួនប៉ុន្មានក្នុងឆ្នាំ២០២៣៕
ដោយ៖ សូរិយា