ព័ត៌មានទាន់ហេតុការណ៍៖

បេក្ខជនចំនួន ៧៤១ នាក់ជាប់បន្តប្រឡងដំណាក់កាលទី២ ក្នុងក្របខណ្ឌមន្ត្រីអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ចែករំលែក៖

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង ព្រមទាំងសមាជិក សមាជិកានៃគណៈកម្មការ និងអនុគណៈកម្មការពាក់ព័ន្ធទាំងអស់ កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញ ពិនិត្យ ផ្ទៀងផ្ទាត់ និងចុះហត្ថលេខាសម្រេចលើលទ្ធផលរបស់បេក្ខជនប្រឡងជាប់នៅក្នុងដំណាក់កាលទី១ (វិញ្ញាសាសរសេរលើកទី១) នៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធដារ ឱ្យចូលបម្រើការងារនៅក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ 

ក្នុងនោះ បេក្ខជនប្រឡងជាប់នៅក្នុងដំណាក់កាលទី១ (វិញ្ញាសាសរសេរលើកទី១) នៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធដារ ឱ្យចូលបម្រើការងារនៅក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច មានចំនួន ៧៤១នាក់ ស្រី៤២៥ នាក់ ។

សូមជម្រាបថា ក្រុមការងាររៀបចំការប្រឡងប្រជែងបានប្រើប្រាស់រយៈពេលជិត ១៥ម៉ោង ក្នុងដំណើរការកែវិញ្ញាសាបេក្ខជន ប្រកបដោយឆន្ទៈមោះមុត យកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចចេញប្រកាសលទ្ធផលជាប់នៅដំណាក់កាលទី១ ជូនដល់បេក្ខជនប្រឡង ក៏ដូចជាសាធារណជនគ្រប់រូប ទទួលជ្រួតជ្រាប និងសម្រេចតាមការគ្រោងទុករបស់គណៈកម្មការរៀបចំការប្រឡងប្រជែង។

គណៈកម្មការរៀបចំការប្រឡងប្រជែង បានជូនដំណឹងដល់បេក្ខជនដែលបានប្រឡងជាប់វិញ្ញាសាសរសេរលើក១ សម្រាប់ប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យបានជ្រាបថា បេក្ខជនទាំងអស់ត្រូវចូលរួមការប្រឡង វិញ្ញាសាសរសេរលើកទី២៕

ដោយ ៖ សិលា


ចែករំលែក៖