ព័ត៌មានទាន់ហេតុការណ៍៖

ផែនការស្តីពីអ៊ុយក្រែនរបស់ក្រុមការងារលោក ត្រាំ នៅមិនទាន់ពេញចិត្តពីសំណាក់រុស្ស៊ីនៅឡើយ

ចែករំលែក៖

នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergey Lavrov បានប្រាប់ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន TASS ថា រុស្ស៉ីមិនទាន់ពេញចិត្តចំពោះផែនការរបស់ក្រុមការងារលោក ត្រាំ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដែលថានឹងពន្យារពេលសមាជិកភាពអ៊ុយក្រែន នៅក្នុងអង្គការណាតូ (NATO) រយៈពេល ២០ឆ្នាំសិន ហើយដាក់ពង្រាយកងរក្សាសន្តិភាពសហភាពអឺរ៉ុប (EU) និងអង់គ្លេស នៅទីនោះវិញ។
លោក Lavrov គូសបញ្ជាក់ថា «ផ្អែកលើការបែកធ្លាយជាច្រើន និងបទសម្ភាសន៍ផ្ទាល់របស់លោក ត្រាំ ជាមួយទស្សនាវដ្តី Time កាលពីថ្ងៃទី១២ ខែធ្នូ គឺលោកចង់ថា ឱ្យផ្អាកអរិភាពនៅតាមខ្សែបន្ទាត់ជួរមុខ ហើយផ្ទេរការទទួលខុសត្រូវលើការប្រឈមមុខជាមួយរុស្ស៉ីឱ្យទៅអឺរ៉ុបវិញ។ យើងពិតជាមិនពេញចិត្តទេ ចំពោះផែនការរបស់ក្រុមការងារ លោក ត្រាំ ដើម្បីពន្យារពេលសមាជិកភាពអ៊ុយក្រែន នៅក្នុងអង្គការណាតូ រយៈពេល ២០ឆ្នាំ និងដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាព នៃចក្រភពអង់គ្លេស និងកងកម្លាំងអឺរ៉ុបនៅអ៊ុយក្រែន»។
ទន្ទឹមនឹងនេះ លោក Lavrov កត់សម្គាល់ថា ទីក្រុងមូស្គូ មិនទាន់ទទួលបានសញ្ញាផ្លូវការណាមួយ ពីសហរដ្ឋអាមេរិក ស្តីពីការដោះស្រាយបញ្ហាអ៊ុយក្រែនឡើយ។ រហូតដល់ថ្ងៃទី២០ ខែមករា ទើបជាថ្ងៃកាន់តំណែងផ្លូវការ លោក ត្រាំ មានឋានៈត្រឹមតែជាប្រធានាធិបតីជាប់ឆ្នោតប៉ុណ្ណោះ។ ដូចេ្នះឥឡូវនេះ គោលនយោបាយទាំងអស់ត្រូវកំណត់ ដោយប្រធានាធិបតីកំពុងកាន់អំណាច និងរដ្ឋបាលរបស់គាត់ ហើយមិនមានការពិភាក្សាលើកិច្ចចរចាជាមួយអ៊ុយក្រែននោះទេ៕ ដោយ៖ ធីរីណា

រូបថត​៖ TTXVN


ចែករំលែក៖