ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនសាធារណជន ជាពិសេសបងប្អូនពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ជ្រាបថា នាពេលថ្មីៗនេះមានការផ្សព្វផ្សាយ អំពីការតំម្លើងថ្លៃកម្រៃ សេវាបោះត្រាការអនុញ្ញាតចេញ-ចូល (Re-Entry Permit) តាមច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ និងបង់កម្រៃសេវា នេះជូនភាគីកម្ពុជា។ ទាក់ទងនឹងការលើកឡើងនេះ ក្រសួងសូមបំភ្លឺថា ការយកកម្រៃសេវាបោះត្រាការអនុញ្ញាត ចេញ-ចូលនេះ ជាការកំណត់របស់ភាគីថៃ មិនមែនជាសមត្ថកិច្ចរបស់ភាគីកម្ពុជាក្នុងការកំណត់ និងទទួលសេវា នោះទេ។ ជាក់ស្តែង ក្រសួងមហាផ្ទៃនៃប្រទេសថៃបានកំណត់កម្រៃសេវាការអនុញ្ញាតចេញ-ចូលម្តង (Single Re-Entry Permit) ចំនួន ១ ០០០បាត និងសេវាការអនុញ្ញាតចេញ-ចូលច្រើនដង (Multiple Re-Entry Permit) ចំនួន ៣ ៨០០បាត សម្រាប់បង់ជូនទៅភាគីថៃ។
ក្រសួងសូមបញ្ជាក់ថា កន្លងមក រាជរដ្ឋាភិបាលកម្ពុជាបានស្នើសុំភាគីថៃលើកលែង និងបញ្ចុះកម្រៃសេវា ពាក់ព័ន្ធនឹងចំណាយរបស់ពលករខ្មែរ ជាក់ស្តែងភាគីថៃបានបញ្ចុះកម្រៃសេវាទិដ្ឋាការប្រភេទការងារពី ២ ០០០បាត មក ៥០០បាត (ចាប់ពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី១១ខែវិច្ឆិកា ឆ្នាំ២០២៧) និងលើកលែងកម្រៃ សេវាការអនុញ្ញាតចេញ-ចូល សម្រាប់បងប្អូនពលករខ្មែរវិលត្រឡប់មកស្រុកកំណើតអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំ២០២៤។
ដោយពិនិត្យឃើញថា ក្នុងអំឡុងពេលប៉ុន្មានថ្ងៃនេះ មានបងប្អូនពលករខ្មែរបានកកស្ទះក្នុងការបំពេញ បែបបទចេញ-ចូលតាមច្រកទ្វារព្រំដែនអន្តរជាតិ ភាគីថៃបានបន្ថែមកម្លាំង និងសហការជាមួយអនុព័ន្ធការងារអម ស្ពានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ និងមន្ត្រីពាក់ព័ន្ធរបស់ភាគីកម្ពុជា ដើម្បីសម្របសម្រួលបំពេញបែបបទឱ្យបានឆាប់រហ័សជូនបងប្អូនពលករខ្មែរយើង។ ក្នុងន័យនេះ ដើម្បីចៀសវាង ការកកស្ទះនៅច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ ក្រសួងសូមជម្រាបជូនបងប្អូនពលករខ្មែរដែលមានបំណងធ្វើ ដំណើរចេញ-ចូលប្រទេសថៃ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតចេញ-ចូលនៅការិយាល័យអន្តោប្រវេសន៍តាម បណ្តាខេត្តក្នុងប្រទេសថៃដែលបងប្អូនកំពុងស្នាក់នៅ មុនធ្វើដំណើរចេញពីប្រទេសថៃ ដើម្បីរក្សាសុពលភាព ទិដ្ឋាការការងាររបស់ខ្លួន។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ជាពិសេស ពលករខ្មែរដែលកំពុងស្នាក់នៅ និង ធ្វើការនៅប្រទេសថៃ ជ្រាបជាព័ត៌មាន៕
ដោយ ៖ សិលា