គ្រាប់បាល់តាមស្មើនៅចុងម៉ោងរបស់កីឡាករ Jorgen Strand Larsen បានបន្តការចាប់ផ្តើមដ៏គួរឱ្យចាប់អារម្មណ៍របស់ក្រុមលោក Vitor Pereira ក្នុងនាមជាគ្រូបង្វឹករបស់ Wolves បន្ទាប់ពីការប្រកួតក្របខ័ណ្ឌ Premier League ជាមួយនឹងក្រុម Tottenham ក្នុងលទ្ធផល២ទល់២ កាលពីរាត្រីថ្ងៃទី២៩ ខែធ្នូ។
ក្រុមភ្ញៀវ Wolves បាននាំមុខមុន នៅពេលដែលកីឡាករ Hwang Hee-chan រកបានគ្រាប់បាល់១គ្រាប់នៅនាទីទី៧ ហើយត្រូវក្រុមម្ចាស់ផ្ទះវាយបកតាមស្មើវិញ ដោយគ្រាប់បាល់ទី១ រកបានដោយកីឡាករ Rodrigo Bentancur នៅនាទីទី១២ ពីការស៊ុតបាល់ចេញពីជ្រុងរបស់ Pedro Porro។
ក្រុមម្ចាស់ផ្ទះ Spurs បាននាំមុខវិញនៅចុងតង់ទី១ នាទីទី៤៥+១ ដោយកីឡាករ Brennan Johnson មុនពេលខ្សែប្រយុទ្ធ Son Heung-min ទទួលបានបាល់ប៉េណាល់ទី១គ្រាប់នៅនាទីទី៤៣ ប៉ុន្តែមិនអាចស៊ុតចូលទីបានដោយត្រូវអ្នកចាំទីក្រុមភ្ញៀវសង្គ្រោះបាល់នេះបាន។
លទ្ធផល២ទល់១នេះបានបន្តរហូតដល់ចប់តង់ទី១ និងចូលដល់តង់ទី២ ក្រុមម្ចាស់ផ្ទះបានព្យាយាមដាក់សម្ពាធនៅដើមតង់ទី២ ប៉ុន្តែនៅតែមិនអាចធ្វើអ្វីបានលើក្រុមភ្ញៀវ រហូតដល់នាទីទី៨៧នៅចុងម៉ោងទៅហើយ កីឡាករបម្រុង Jorgen Strand Larsen រកបានគ្រាប់បាល់តាមស្មើឲ្យក្រុម Wolves រហូតដល់ចប់ការប្រកួតក្រុមទាំង២ទទួលបានម្នាក់១ពិន្ទុ។
លទ្ធផលនេះបានធ្វើឲ្យក្រុមមាន់ខ្នាយមាស Tottenham ឈរចំណាត់ថ្នាក់លេខ១១មាន២៤ពិន្ទុ ក្នុង១៩ប្រកួត ខណៈដែល Wolves ឈរលេខ១៧មាន១៦ពិន្ទុ លើក្រុមកាត់ចោល២ពិន្ទុប៉ុណ្ណោះពី១៩ប្រកួតដូចគ្នា៕
ដោយ៖ ភារៈ(រូបភាព ៖ BBC)