ព័ត៌មានទាន់ហេតុការណ៍៖

ចុះពីលើរថយន្តបំណងបត់ជេីងតូច​ អកុសលត្រូវរថយន្តមកបុកស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ

ចែករំលែក៖

ភ្នំពេញ ៖​ បុរសម្នាក់ត្រូវបានរថយន្តបេីកបុកពីក្រោយបណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង​ បន្ទប់ពីចុះពីរថយន្តតាក់ស៊ីបំណងបត់ជេីងតូច​ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣និង ៣០នាទីរសៀលថ្ងៃទី១៤ ខែមិថុនា​ ឆ្នាំ២០២៣​ នៅតាមបណ្ដាលផ្លូវ២១៧ ស្ថិតនៅភូមិព្រែកកំពឹស​ សង្កាត់ព្រែកកំពឹស​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។ 

    សពជនរងគ្រោះមានឈ្មោះ​ កាន់​ ម៉េងលៀង​ អាយុ ៣១ ឆ្នាំមុខរបរទៅផ្ទះ។ រីឯឪពុកឈ្មោះ​ កាន់​ វៀង​ អាយុ ៧១ឆ្នាំមុខរបរនៅផ្ទះ​ អ្នកទាំងពីរស្នាក់នៅភូមិអរិយក្សត្រ​ ឃុំអរិយក្សត្រ​ ក្រុងអរិយក្សត្រ​ ខេត្តកណ្ដាល។

    តាមសម្ដីបុរសជាឪពុកបានប្រាប់ឱ្យដឹងថា​ មុនកេីតហេតុ​ គាត់និងជនរងគ្រោះជាកូនបានទៅលេងកូនម្នាក់ទៀតនៅឯខេត្តតាកែវ​ រួចក៏បានជិះរថយន្តតាក់ស៊ីពីខេត្តតាកែវត្រឡប់មកផ្ទះវិញ ពេលដែលជិះមកដល់កន្លែងកើតហេតុ​ កូនប្រុសរបស់គាត់ដែលជាជនរងគ្រោះក៏បានឈឺបត់ជើងតូច​ ហើយក៏ប្រាប់អ្នកបើករថយន្តឱ្យឈប់អែបខាង ពេលដែលអ្នកបើករថយន្តបានឈប់អែបខាង​ ពេលនោះជនរងគ្រោះក៏បានចុះទៅបត់ជេីងតូច ដោយដើរឆ្លងទៅផ្លូវត្រេីយម្ខាងទៀត​ ។ ពេលនោះស្រាប់តែមានរថយន្តមួយគ្រឿងដែលគាត់មិន​ចាំម៉ាក បានមកបុកនិងកិនកូនប្រុសរបស់គាត់បែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ​ ។ ចំណែករថយន្តបង្កក៏បានបើកគេចខ្លួនបាត់ស្រមោល​ ហេីយពេលនោះដែរ​អ្នកបើករថយន្តតាក់សុី​មិននៅចាំយូរក៏ទម្លាក់ឪពុកជនរងគ្រោះនៅកន្លែងកើតហេតុ​ រួចក៏បានបើករថយន្តទៅបាត់ផងដែរ។ 

   ក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោក៏បានចុះទៅដល់កន្លែងកើតហេតុ​ ដោយធ្វើការស្រាវជ្រាវរករថយន្តបង្កមកធ្វើការដោះស្រាយគ្នាជាមួយតំណាងជនរងគ្រោះ​ និងធ្វើលិខិតប្រគល់សពឱ្យទៅឪពុកដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី​ ៕​

ដោយ​៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖