ព័ត៌មានទាន់ហេតុការណ៍៖

ស្នាមញញឹម​ប្រកបដោយទឹកមុខសប្បាយរីករាយក្រៃលែង ​ ពីបងប្អូនកម្មករ កម្មការិនី​ ទទួលស្វាគមន៍ ខណៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះជួបសំណេះសំណាល

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ស្នាមញញឹម​ប្រកបដោយទឹកមុខសប្បាយរីករាយក្រៃលែង ​ ពីបងប្អូនកម្មករ កម្មការិនី​ ទទួលស្វាគមន៍  ខណ:សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី​ នៅក្នុងភូមិចាស់ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃសៅរ៍ ១៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣។

ចាប់ពីខែសីហា ឆ្នាំ២០២៣ ស្ត្រីដែលប្រសូតបានកូនភ្លោះនឹងទទួលបានប្រាក់ឧបត្ថម្ភជំនួយសង្គមទៅតាមចំនួនកូន ដែលនេះគឺជាការសម្រេចរបស់នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ។

សម្ដេចតេជោបានលើកឡើងថា សម្ដេចទើបតែដឹងថា ប្រាក់ឧបត្ថម្ភដល់គ្រួសារដែលមានកូនភ្លោះរហូតដល់កូនអាយុ ២ឆ្នាំ គឺទទួលបានដូចអ្នកដែលប្រសូតបានកូនមួយដែរ ដែលសម្ដេចបានបញ្ជាដល់រដ្ឋមន្ត្រីសង្គមកិច្ចឲ្យមានការបន្ថែមការឧបត្ថម្ភទៅលើកូនភ្លោះតាមចំនួនកូន។

សម្ដេចថ្លែងថា៖ «នាយករដ្ឋមន្ត្រីសម្រេចឲ្យមានការអនុវត្តសម្រាប់ស្ត្រីដែលមានផ្ទៃពោះ នឹងទទួលបានការឧបត្តមរហូតដល់កូនអាយុ ២ឆ្នាំ តាមចំនួនកូន។ និយាយរួមគឺទទួលបានលើសពីរអ្នកដែលមានកូនមួយ»។ 

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅតែបន្ដអំពាវនាវដល់កម្មករនិយោជិត និងថៅកែរោងចក្រ រួមគ្នាកសាងសហគមន៍សុខសាន្ត នៅតាមរោងចក្រ និងត្រូវរកដំណោះស្រាយភ្លាមៗ ក្នុងករណីរោងចក្រមានជម្លោះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ពូ មានសំណូមពរធំ នៅក្នុងជំនួបនេះ ត្រង់ថា ពូចង់ឲ្យរោងចក្រមួយ ក្លាយទៅជាសហគមន៍សុខសាន្ដមួយ វាមិនលំបាកធ្វើទេ ហើយក៏វាជាផល ប្រយោជន៍របស់កម្មករ កុំឲ្យរោងចក្រយើង ក្លាយជាតំបន់ប្រើប្រាស់គ្រឿងញៀន ឬចែកចាយគ្រឿងញៀន, កុំឲ្យរោងចក្រយើង មានបងតូចបងធំ, កុំឲ្យរោងចក្រយើងជម្លោះ»។

ទន្ទឹមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុងករណីរោងចក្រមានជម្លោះ ត្រូវរកវិធីដោះស្រាយភ្លាម កុំទុកចិញ្ចឹមទំនាស់ឲ្យធំ ហើយជាមួយនឹងការទទួលខុសត្រូវ ថៅកែរោងចក្រ ត្រូវគិតពីកម្មករ-កម្មការិនី ដែលធ្វើការឲ្យខ្លួន ឯកម្មករ-កម្មការិនី ក៏ត្រូវចាត់ទុកថា រោងចក្រគឺជាឆ្នាំងបាយរបស់យើង ៕ 

ដោយ ៖ សិលា


ចែករំលែក៖