ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីការបរទេសអាមេរិកបំពេញទស្សនកិច្ចនៅប្រទេសចិន ខណៈទីក្រុងប៉េកាំងកំពុងតែមានឥទ្ធិពលនៅលើឆាកអន្តរជាតិ

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៣បានផ្សាយថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅថ្ងៃសុក្រសប្ដាហ៍នេះបាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិនមានគោលបំណងដើម្បីបើកចំហទំនាក់ទំនង សំដៅដោះស្រាយការយល់ច្រឡំនិងបញ្ចៀសការគណនាខុស។
លោក Antony Blinken បានគូសបញ្ជាក់ដូច្នេះថា «ការប្រកួតប្រជែងរឹតតែខ្លាំង តម្រូវឱ្យមានការទូតប្រកបដោយចីរភាព ដើម្បីធានាឱ្យបានថាការប្រកួតប្រជែងនឹងមិនបង្កទៅជាការប្រឈមមុខដាក់គ្នាឬជម្លោះ ហើយនេះគឺជាអ្វីដែលពិភពលោកចង់បានពីសហរដ្ឋអាមេរិកនិងចិន»។
លោក Antony Blinken នឹងត្រូវបំពេញទស្សនកិច្ចចាប់ពីថ្ងៃអាទិត្យស្អែកនេះ រហូតដល់ថ្ងៃចន្ទ ទៅកាន់ទីក្រុងប៉េកាំងជាទីដែលលោកនឹងជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់របស់ចិន ហើយវាក៏នឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងបំផុតរបស់ប្រមុខការទូតអាមេរិកទៅកាន់ប្រទេសចិនផងដែរ ក្នុងពេលជិត៥ឆ្នាំមកនេះ។

លោក Blinken ធ្លាប់មានគម្រោងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង កាលពីខែកុម្ភៈកន្លងទៅ តែត្រូវបានលុបចោលវិញភ្លាមៗ ក្រោយទំនាក់ទំនងរវាងសហរដ្ឋអាមេរិក នឹងចិនឡើងកម្ដៅខ្លាំងជុំវិញឧប្បត្តិហេតុបាល់ឡុង៕ ដោយ៖ ធីរីណា

រូប​ថត​៖ Reuters


ចែករំលែក៖